សេចក្តីអំពាវនាវចំពោះម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត

ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើ​ស​ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតផ្លូវការ​ឆ្នាំ​​២០២១​ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន។

          ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការ   បោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំង​អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួល​អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។

          គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈ​ងាយស្រួល​ដល់ និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់។

ទាញយកកម្មវិធី(App) CamNEC News