សេចក្តីប្រកាសព័ត៌មានលេខ ០៤៨ គ.ជ.ប.អគ្គ៖ គ.ជ.ប ផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ-ទូរទស្សន៍ឱ្យគណបក្សនយោបាយ និងគោលការណ៍រៀបចំកម្មវិធីកិច្ចពិភាក្សាគោលនយោបាយគណបក្ស ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤


នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំ ជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ តំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពី៖

- គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

- គោលការណ៍សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

គោលការណ៍ខាងលើនេះមាន ២ ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនដល់តំណាងភាគីពាក់ព័ន្ធ ដែលចូលរួមកិច្ចប្រជុំនារសៀលថ្ងៃនេះនៅទីស្ដីការ គ.ជ.ប សរុបចំនួន ១៨ នាក់ និងមានបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh
 

ឯកឧត្ដម ម៉ុក ដារ៉ា បានជម្រាបជូនថា ការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ឱ្យគណបក្សនយោបាយ គឺត្រូវធ្វើឡើងដោយស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ស្ថានីយវិទ្យុ និងទូរទស្សន៍ មិនត្រូវលក់ម៉ោងផ្សាយផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។
ឯកឧត្ដមបានជម្រាបជូនទៀតថា ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោង និងតម្លៃ ដែលស្ថានីយមានបំណងលក់ ឬជួលជូនគណបក្សនយោបាយ និងត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនោះ ទៅគ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងរយៈពេលយ៉ាងតិច ៣ ថ្ងៃមុនថ្ងៃចាប់ផ្ដើមការឃោសនាបោះឆ្នោត។

ចំពោះការលក់ ឬជួលម៉ោងផ្សាយនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត នោះនឹងឃើញចំនួនម៉ោង ដែលត្រូវលក់ ឬជួលជូនគណបក្សនយោបាយនីមួយៗ។ ប៉ុន្តែក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញនោះនូវរយៈពេលយ៉ាងច្រើន ៣ ដងនៃរយៈពេលដែលគណបក្សនយោបាយនោះត្រូវទទួលបាន។
 

ដោយឡែក សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គឺអាចរៀបចំកម្មវិធីនេះបាន ដោយពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ។ ប៉ុន្តែសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏អាចសុំពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួល មុននឹងចាប់ផ្ដើមធ្វើកម្មវិធីនេះ។
 

ឯកឧត្ដម ម៉ុក ដារ៉ា បានបញ្ជាក់ជូនថា សាមីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា ត្រូវទទួលខុសត្រូវលើខ្លឹមសារផ្សព្វផ្សាយកម្មវិធីនយោបាយនេះ និងទទួលបន្ទុករាល់ការចំណាយទាំងអស់ ហើយអ្នករៀបចំកម្មវិធី និងអ្នកសម្របសម្រួលកម្មវិធី ត្រូវប្រកាន់ជំហរអព្យាក្រឹត និងយុត្តិធម៌។
 

ឯកឧត្ដមប្រធានគណៈកម្មការសម្របសម្រួល បានស្នើឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍ ប្រព័ន្ធផ្សាយផ្សាយព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ គោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គោលការណ៍ និងក្រមសីលធម៌ដែលកំណត់ដោយ គ.ជ.ប ក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ សំដៅធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
 

ទាញយកកម្មវិធី(App) CamNEC News