នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ប្រតិទិននៃការជ្រើសរើស ការតែងតាំង ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក និងផែនការតម្រូវការធនធានមនុស្ស សម្រាប់ឆ្នាំ២០២៧ និងពិនិត្យសម្រេចលើកំណត់ហេតុស្តីពីការពិនិត្យ និងវាយតម្លៃលើសំណើសុំគ្រឿងឥស្សរិយយសរបស់អ្នករាជការ គ.ជ.ប និងមន្រ្តីជាប់កិច្ចសន្យារយៈពេលវែង សម្រាប់ឆ្នាំ២០២៦ ព្រមទាំងឯកសារសម្រាប់ប្រើប្រាស់ និងសម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលកំណត់ហេតុ ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី១៨ ខែសីហា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
២. របៀបវារៈទី២៖ បន្ទាប់ពីអង្គប្រជុំ គ.ជ.ប បានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាធ្វើការកែសម្រួលលើប្រតិទិននៃការជ្រើសរើស ការតែងតាំងមន្ត្រីបុគ្គលិក និងកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានសម្រេចលើផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ តាមគម្រោងផែនការដែលបានសម្រេច នៅឆ្នាំ២០២៧ ខាងមុខ គ.ជ.ប ត្រូវធ្វើការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) សមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជំនួយការ គឃ.សប និងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។
៣. របៀបវារៈទី៣៖ បន្ទាប់ពីបានពិនិត្យលើកំណត់ហេតុ និងវាយតម្លៃលើសំណើសុំគ្រឿងឥស្សរិយយស និងស្តាប់របាយការណ៍របស់ប្រធានគណៈកម្មការពិនិត្យ និងវាយតម្លៃបេក្ខជនស្នើសុំគ្រឿងឥស្សរិយយសនៃ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានឯកភាពលើការស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប ចំនួន ១៥៦ រូប និងមន្ត្រីជាប់កិច្ចសន្យារយៈពេលវែងចំនួន ១៨០ រូប។ គ្រឿងឥស្សរិយយសដែលត្រូវស្នើសុំរួមមានដូចខាងក្រោម៖
- គ្រឿងឥស្សរិយយស ជាតូបការ
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនា
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ
- គ្រឿងឥស្សរិយយស មេដាយមាសការងារ
- គ្រឿងឥស្សរិយយស មេដាយប្រាក់ការងារ
- គ្រឿងឥស្សរិយយស មេដាយសំរឹទ្ធការងារ។
៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើគំរូឯកសារចំនួន ៨ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ រួមមាន៖
- ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្តីសម្រេចរបស់ គឃ.សប និងឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលដាក់ពាក្យសុំចុះបញ្ជីបេក្ខជន (ទ.១០០៨)
- បង្កាន់ដៃទទួលពាក្យ និងសំណុំលិខិត
- កំណត់ហេតុស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយ
- កំណត់ហេតុស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៃគណបក្សនយោបាយ
- កំណត់ហេតុនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១២១)
- ទម្រង់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)
- លិខិតបញ្ជាក់ជាបុគ្គល និងជាបញ្ជីដោយកម្មវិធីមានរូបថត រួមទាំង QR code របស់បេក្ខជន និងលិខិតបញ្ជាក់ជាបុគ្គល និងជាបញ្ជីដោយដៃ ដើម្បីយកទៅបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់
- គំរូបណ្ណសម្គាល់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងបណ្ណសម្គាល់ភ្ញៀវពិសេស។
៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ រួមមាន៖
- ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
- ទម្រង់ព្រឹត្តិបត្រគោលនយោបាយគណបក្ស
- ទម្រង់ខិត្តបណ្ណ គណបក្សនយោបាយចូលរួមការបោះឆ្នោត
- ខិត្តបណ្ណ ស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត
- បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
- បណ្ណថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
៦. របៀបវារៈទី៦៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញប្រើប្រាស់ពាក្យពេចន៍ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យអ្នកអាន ឬអ្នកស្តាប់យល់ច្រឡំក្នុងការផ្សាយព័ត៌មានប្រចាំថ្ងៃទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ មួយទៀត ឯកឧត្ដម បានកត់សម្គាល់ឃើញថា តួលេខអ្នកមកធ្វើទិន្នន័យជីវមាត្រនៅមានចំនួនទាបនៅឡើយ មកទល់ពេលនេះ បើប្រៀបធៀបនឹងតួលេខធ្វើទិន្នន័យជីវមាត្រដែលបានធ្វើនៅឆ្នាំ២០២៥ កន្លងមក។ ឯកឧត្ដម បានណែនាំដល់អង្គភាពជំនាញ រួមទាំងសមាជិក គ.ជ.ប ដែលបានចុះទៅពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ ដើម្បីជួយជំរុញការងារនេះឱ្យបានសម្រេចតាមផែនការ។
បន្ទាប់ពីសមាជិក គ.ជ.ប មានចំណាប់អារម្មណ៍ម្តងម្នាក់ៗ លើបញ្ហា និងហេតុផលដែលតួលេខធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅមានកម្រិតទាប រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យក្រុមចុះឈ្មោះបោះឆ្នោត និងមេភូមិ ជំរុញការផ្សព្វផ្សាយឱ្យខ្លាំងនៅតាមមូលដ្ឋាន ជាពិសេសធ្វើយ៉ាងណាឱ្យពួកគាត់បានយល់អំពីផលវិបាកនៅថ្ងៃបោះឆ្នោត ប្រសិនបើពួកគាត់មិនមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) នៅឆ្នាំ២០២៦ នេះទេ។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៤៤នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕