នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ព្រឹក នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានទទួលជួបលោកស្រីស្វេតឡាណា ហ្គាល់គីណា (Ms. Svetlana Galkina)អ្នកជំនាញការបោះឆ្នោតរបស់ UNDP និងសហការីចំនួន ៤រូប ដែលមកស្វែងយល់អំពីការធ្វើកំណែទម្រង់ការបោះឆ្នោត និងការវិវត្តន៍នៃដំណើរការបោះឆ្នោតនៅកម្ពុជា។
បន្ទាប់ពីបានស្តាប់ការពន្យល់របស់ឯកឧត្តមស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ភាគីUNDP វាយតម្លៃខ្ពស់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតដែលទទួលបានជោគជ័យ។ លោកស្រី ស្វេតឡាណា ហ្គាល់គីណា ចង់ដឹងថា តើក្នុងដំណើរការចុះឈ្មោះបោះឆ្នោតកន្លងមកមានជួបនូវបញ្ហាប្រឈមអ្វីខ្លះ?
ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តមស៊ិក ប៊ុនហុកបានមានប្រសាសន៍ថា គ.ជ.ប មានបញ្ហាមួយចំនួនរួមមាន ៖
- បញ្ហាពេលវេលាការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ត្រូវធ្វើឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ ប៉ុន្តែដោយសារសម្ភារជាជំនួយរបស់សហភាពអឺរ៉ុបមានភាពយឺតយ៉ាវ ធ្វើឱ្យដំណើរការចុះឈ្មោះបោះឆ្នោតត្រូវចាប់ផ្តើមដំណើរការនៅដើមខែកញ្ញា ឆ្នាំ២០១៦ វិញ នាំឱ្យពេលវេលាកៀកនឹងការបោះឆ្នោត
- បញ្ហាអ៊ីនធឺណេត
- បញ្ហាសម្ភារសម្រាប់ប្រតិបត្តិការមួយចំនួនមានភាពរអាក់រអួល។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម ស៊ិក ប៊ុនហុក បញ្ជាក់ថា បញ្ហាប្រឈមទាំងនោះត្រូវបានក្រុមមន្រ្តីជំនាញខិតខំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបន្តថា បញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ជាបញ្ជីមួយ ដែលមានការទទួលស្គាល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការខុមហ្វ្រែល ដែលជាអង្គការមួយតែងតែធ្វើការរិះគន់មកលើការចុះឈ្មោះបោះឆ្នោតអាណត្តិមុន នៅពេលនេះបានទទួលស្គាល់ថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះមានកម្រិតជឿជាក់ជិត១០០ភាគរយ ។ ទាក់ទងនឹងកិច្ចសហការជាមួយភាគីអន្តរជាតិ គ.ជ.ប បានបើកចំហទទួលយកជំនាញការបោះឆ្នោត បរទេសមកធ្វើការនៅទីស្តីការ គ.ជ.ប ហើយជំនាញការទាំងនោះ អាចជួបពិភាក្សាការងារដោយផ្ទាល់ជាមួយនាយកដ្ឋានជំនាញ។ ចុងបញ្ចប់នៃកិច្ចប្រជុំភាគីUNDPបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ គ.ជ.ប ហើយសន្យាថានឹងបន្តកិច្ចសហការជាមួយ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតកាន់តែមានភាពល្អប្រសើរ៕