នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៣រសៀល នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានទទួលជួបលោក អាដាម ស៊ូម៉ាកឃើ នាយកការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ចរបស់អង្គការ USAID ដើម្បីពិភាក្សាការងារស្តីពីការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា ដែលផ្តោតទៅលើការគាំទ្រដល់សមត្ថភាពស្ថាប័ន គ.ជ.ប តាមរយៈអង្គការ IFES ។
បន្ទាប់ពីបានស្តាប់ការពន្យល់អំពីការងារមួយចំនួនរបស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ភាគី USAID បានសាទរចំពោះ គ.ជ.ប ដែលរៀបចំបញ្ជីបោះឆ្នោតថ្មីបានល្អ និងគាំទ្រចំពោះការចុះ MOU រវាង គ.ជ.ប និងអង្គការ IFES ។ លោក អាដាម ស៊ូម៉ាកឃើ បានលើកឡើងថា USAID បានផ្ដល់ថវិកាតាមរយៈអង្គការ IFES ដើម្បីធ្វើការងារលើគម្រោងចំនួន ៣ ក្នុងការជួយលើកកម្ពស់ការបោះឆ្នោតនៅកម្ពុជារួមមាន ៖
- ការកសាងសមត្ថភាពផ្ទៃក្នុងរបស់ គ.ជ.ប
- ការបណ្តុះបណ្តាលមន្ត្រី គ.ជ.ប ក្នុងការដោះស្រាយវិវាទបោះឆ្នោត
- ការជួយផ្សព្វផ្សាយព័ត៌មាន ស្តីពីការបោះឆ្នោតតាមប្រព័ន្ធសារឆ្លើយតបជាសំឡេង (IVR) និងតាមមធ្យោបាយមួយចំនួនផ្សេងទៀត ។
តំណាងអង្គការ IFES ដែលជាភាគីតំណាងរបស់ USAID បានលើកឡើងថា ប្រសិនបើ គ.ជ.ប មានសំណូមពរ ឬបញ្ហាអ្វីចង់ឱ្យ USAID ជួយ សូម គ.ជ.ប ជជែកជាមួយអង្គការ IFES ដើម្បីឱ្យជួយដោះស្រាយ ។ ម៉្យាងទៀត USAID បានស្នើឱ្យ គ.ជ.ប ផ្តល់ការិយាល័យមួយដល់អង្គការ IFES នៅទីស្តីការ គ.ជ.ប ដើម្បីធ្វើការជាមួយ គ.ជ.ប ដោយផ្ទាល់។
ឆ្លើយតបនឹងគម្រោងខាងលើរបស់ USAID ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ថា គ.ជ.ប ស្វាគមន៍នឹងគម្រោងនេះហើយថា គ.ជ.ប តែងតែបើកចំហឱ្យមានអ្នកជំនាញការបោះឆ្នោតបរទេសមកធ្វើការនៅទីស្តីការ គ.ជ.ប ហើយជំនាញការទាំងនោះអាចជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយនាយកដ្ឋានជំនាញ ។
ចុងបញ្ចប់នៃកិច្ចប្រជុំ គ.ជ.ប សង្ឃឹមថាកិច្ចសហការនេះនឹងបង្កើនទំនាក់ទំនងជាច្រើនបន្ថែមទៀតរវាង គ.ជ.ប និង USAID ដើម្បីជំរុញការបោះឆ្នោតនៅកម្ពុជាឱ្យប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទទួលយកបានពីគ្រប់ភាគីចូលរួម៕