នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាគមន៍ទទួលយកលោកស្រី សូហ្វី ឡាហ្គេនី (Ms. Sophie LAGUENY) នាយិកាអង្គការ IFES ធ្វើជាអ្នកជំនាញការបោះឆ្នោត នៅទីស្តីការ គ.ជ.ប។
ការមកដល់របស់អ្នកជំនាញការបោះឆ្នោតអង្គការ IFES បន្ទាប់ពីលោក អាដាម ស៊ូម៉ាកឃើ នាយកការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ចរបស់អង្គការ USAID បានផ្ដល់ថវិកាតាមរយៈអង្គការ IFES ដើម្បីធ្វើការងារលើគម្រោងចំនួន ៣ ក្នុងការជួយលើកកម្ពស់ការបោះឆ្នោតនៅកម្ពុជា។
គម្រោងទាំង ០៣ នោះរួមមាន ៖
- ការកសាងសមត្ថភាពមន្ត្រីរបស់ គ.ជ.ប
- ការបណ្តុះបណ្តាលមន្ត្រី គ.ជ.ប ក្នុងការដោះស្រាយវិវាទបោះឆ្នោត
- ការជួយផ្សព្វផ្សាយព័ត៌មាន ស្តីពីការបោះឆ្នោតតាមប្រព័ន្ធសារឆ្លើយតបជាសំឡេង (IVR) និងតាមធ្យោបាយផ្សេងទៀត ។
ម៉្យាងទៀត USAID ក៏បានស្នើឱ្យ គ.ជ.ប ផ្តល់ការិយាល័យមួយដល់អង្គការ IFES នៅទីស្តីការ គ.ជ.ប ដើម្បីធ្វើការជាមួយ គ.ជ.ប ដោយផ្ទាល់។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មានប្រសាសន៍ថា ដោយសារពេលវេលាសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅសល់ពេលវេលាខ្លី ដូចនេះឯកឧត្តមបានស្នើឱ្យអង្គការ IFES ជួយពន្លឿនគម្រោងទាំង ០៣ ខាងលើដើម្បីដំណើរការបានឆាប់ទាន់ពេលវេលា។
ចុងបញ្ចប់នៃកិច្ចប្រជុំភាគី គ.ជ.ប សង្ឃឹមថាកិច្ចសហការនេះនឹងបង្កើនទំនាក់ទំនងជាច្រើនបន្ថែមទៀត ដើម្បីជំរុញការបោះឆ្នោតនៅកម្ពុជាឱ្យប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទទួលយកបានពីគ្រប់ភាគីចូលរួម៕