សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​អ្នក​នាំ​ពាក្យ​ ចុះថ្ងៃទី ១៣ ខែ​មេសា ឆ្នាំ​២០១៧ ៖ ការ​ព្យាយាម​ Hack គេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh កាលពី​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ របស់​ជន​ខិល​ខូច​ មិន​បាន​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដល់​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ Website គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh មានជនខិលខូចបានព្យាយាម Hack ចូលកែទិន្នន័យក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល គ.ជ.ប បង្ហោះនៅលើ Website សម្រាប់ជូនព័ត៌មានដល់អ្នកបោះឆ្នោត ។ 

ការព្យាយាម Hack របស់ជនខិលខូចនេះមិនបានធ្វើឱ្យប៉ះពាល់ដល់បញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ទេ ពីព្រោះ គ.ជ.ប មានវិធានការការពារគ្រប់គ្រាន់៖

  1. បញ្ជីបោះឆ្នោតផ្លូវការត្រូវបានរក្សាទុកក្នុង Server ធំដោយឡែកមួយ មានសុវត្ថិភាព ផ្សេងពី Server ដែលបង្ហោះជូនព័ត៌មានតាម Website ។
  2. បញ្ជីបោះឆ្នោតផ្លូវការដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានបោះពុម្ពរួចហើយ និងបានបែង ចែកទៅឱ្យគ្រប់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងមាននៅគណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត (គឃ.សប) ជាក្រដាសបោះពុម្ព (Hard Copy) ។
  3. គ.ជ.ប ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទាំងអស់ ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយផ្អែក លើបញ្ជីបោះឆ្នោតផ្លូវការ ។ 
  4. បញ្ជីឈ្មោះបោះឆ្នោតផ្លូវការ នឹងត្រូវបិទផ្សាយនៅគ្រប់ការិយាល័យបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោត ហើយបញ្ជីបោះឆ្នោតផ្លូវការនេះក៏នឹងត្រូវប្រើប្រាស់នៅ ថ្ងៃបោះឆ្នោតផងដែរ ។

សរុបសេចក្តីមក ផ្អែកលើមូលដ្ឋានទាំងបួន (៤) ខាងលើនេះ Hacker មិនអាចប្តូរមូលដ្ឋាន ទិន្នន័យរបស់ គ.ជ.ប បានទេ ។

 

ទាញយកកម្មវិធី(App) CamNEC News