នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០២:៣០ នាទីរសៀល នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរវាង គ.ជ.ប ជាមួយសហភាព អឺរ៉ុប ជប៉ុន អង្គការ UNOPS JICA និង IFES ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ទេព នីថា បានជម្រាបជូនអំពីការងារដែល គ.ជ.ប សម្រេចបានកន្លងមក និងការងារដែលត្រូវអនុវត្តបន្ត ។ ឯកឧត្តមបានបញ្ជាក់ថាការងារដែលត្រូវអនុវត្តចំពោះមុខមាន៖
- បន្តចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត
- អញ្ជើញភាគីពាក់ព័ន្ធទៅពិនិត្យមើលការបោះពុម្ពសន្លឹកឆ្នោត
- រៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត
- រៀបចំបណ្តុះបណ្តាលមន្ត្រីបោះឆ្នោតនៅតាមបណ្តារាជធានី ខេត្ត
- ត្រៀមផ្សព្វផ្សាយអំពីការឃោសនាបោះឆ្នោត
- រៀបចំផែនការដើម្បីធ្វើបច្ចុប្បន្នបញ្ជីបោះឆ្នោតឆ្នាំ២០១៧
ក្រុមការងារបានលើកឡើងថា សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៧នេះ តើ គ.ជ.ប ត្រូវការអ្វីខ្លះ ដើម្បីឱ្យក្រុមការងារជួយ ។ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា គ.ជ.ប កំពុងតែព្រាងឯកសារពាក់ព័ន្ធ ផែនការមេ ហើយនៅពេលឯកសារនេះរួចរាល់នឹងដាក់ជូនទៅគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសុំការចូលរួមមតិយោបល់ ៕