សេច​ក្ដី​ប្រកាស​ព័ត៌មាន​ ៖ គ.ជ.ប បានរៀបចំបើកវគ្គបណ្តុះបណ្តាល​ដល់​ គធ.ខប តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពី​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៧

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S ) ក្រោមអធិបតីភាពឯកឧត្តម  ទេព នីថា  អគ្គលេខាធិការនៃ គ.ជ.ប ។

ឯកឧត្តម ទេព នីថា  អគ្គលេខាធិការនៃ គ.ជ.ប មានប្រសាសន៍ថា នេះជាការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុងស្រុកខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ សង្កាត់ ដែលនឹងបញ្ចប់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត។ ឯកឧត្តមបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេចបានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀតក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺជាជោគជ័យពេញលេញនៃការរៀបចំការបោះឆ្នោត ។ ឯកឧត្តមបញ្ជាក់ថា ការងារសំខាន់ៗដែលត្រូវអនុវត្តបន្តរួមមាន ៖

  • ការពិនិត្យតាមដានយុទ្ធនាការឃោសនាបោះឆ្នោត
  • ការអប់រំអ្នកបោះឆ្នោត អប់រំសាធារណជនពីការបោះឆ្នោត
  • ការជ្រើសរើសសមាសភាព គកប/គរប
  • ការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត
  • ការចាត់ចែង គ្រប់គ្រងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងប្រកាសលទ្ធផលនៃការបោះឆ្នោត 
  • ពិសេសទៀត គឺការការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការឃោសនាបោះឆ្នោត ដំណើការ បោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

សូមរំលឹកថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម ១៥០នាក់ និងរៀបចំឡើងរយៈពេល ០៣ថ្ងៃ គឺពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។

ប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប មានបង្ហោះនៅលើ  គេហទំព័ររបស់ គ.ជ.ប www.nec.gov.kh

 

ទាញយកកម្មវិធី(App) CamNEC News