នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ ដល់តំណាងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍បោះឆ្នោតសរុបប្រមាណ ៣០នាក់។
ការបង្ហាញសន្លឹកឆ្នោតនេះ បានធ្វើឡើងនៅរោងពុម្ពផលិតសន្លឹកឆ្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខនេះ គ.ជ.ប បាននឹងកំពុងបោះពុម្ពសន្លឹកឆ្នោតចំនួន ៩,៤២៦,៦០០ សន្លឹក ខណៈដែលអ្នកបោះឆ្នោតមានចំនួន ៧,៨៦៥,០៣៣ នាក់ និងការិយាល័យបោះឆ្នោតមានចំនួន ២២,១៤៨ ការិយាល័យ។ ឯកឧត្តមបានពន្យល់ថា ការបោះពុម្ពសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោតនេះ ដោយសារតែក្នុងមួយការិយាល័យតម្រូវឱ្យមានសន្លឹកឆ្នោតបម្រុងចំនួន ៥០ ទៅ ៩៩ សន្លឹក សម្រាប់ប្តូរជូនប្រជាពលរដ្ឋណាដែលគូសហើយចង់ប្តូរចិត្ត ឬការបាត់បង់ដោយប្រការណាមួយ។
ការបោះពុម្ពសន្លឹកឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ការវេចខ្ចប់ និងការដឹកជញ្ជូនសន្លឹកឆ្នោតទៅដល់ទីតាំងការិយាល័យត្រូវបានធានាដោយ គ.ជ.ប។
សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន ០៦ ដែលបានចូលរួមពិនិត្យមើលដំណើរការ ផលិតសន្លឹកឆ្នោតរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្ស ហ៊្វុន ស៊ិន ប៉ិច និង គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។