សេចក្ដី​ប្រ​កាស​ព័ត៌​មាន ៖ នា​​រសៀល​​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ទីស្តី​ការ គ.ជ.ប ឯកឧត្តម ប្រធាន គ.ជ.ប បាន​ទទួល​ជួប​អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិច នៃ​អង្គ​ការ​អ្នក​ប្រជា​ធិប​តេយ្យ​និយម​កណ្តាល​អន្តរ​ជាតិ ដើម្បី​មក​ស្វែង​យល់​អំពី​...

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៤:០០រសៀល នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានទទួលជួបលោក សេសា រូសេលូ (Mr.Cesar  Rossello) ជាអ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដើម្បីមកស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។

បន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានជម្រាបព័ត៌មានសំខាន់ៗមួយចំនួនអំពីការវិវត្តន៍របស់ប្រទេសកម្ពុជាតាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតឆ្នាំ២០១៣ ដែលមានការធ្វើកំណែទម្រង់ស្ថាប័ន គ.ជ.ប និងការចុះឈ្មោះបោះឆ្នោតដោយដៃទៅជាការចុះឈ្មោះបោះឆ្នោតដោយកុំព្យូទ័រ។ លោក សេសា រូសេលូ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងមានការចាប់អារម្មណ៍លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ 

លោក សេសា រូសេលូ មានប្រសាសន៍ថា អង្គការរបស់លោកនឹងបញ្ជូនអ្នកសង្កេតការណ៍ប្រមាណ  ០៧ ទៅ ០៨ នាក់ សម្រាប់មកសង្កេតការណ៍ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ។ តាមគម្រោងអ្នកសង្កេតការណ៍នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយនឹងជួបជាមួយថ្នាក់ដឹកនាំ គ.ជ.ប មុនចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ឯកឧត្តម ស៊ិក ប៊ុនហុក  មានប្រសាសន៍ថា គ.ជ.ប ស្វាគមន៍នឹងគម្រោងនេះហើយ គ.ជ.ប តែងតែបើកចំហឱ្យមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីឱ្យមានតម្លាភាពក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះ គ.ជ.ប ក៏បានធ្វើលិខិតតាមរយៈក្រសួងការបរទេសកម្ពុជា ដើម្បីអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាផងដែរ៕

 

ទាញយកកម្មវិធី(App) CamNEC News