នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៤:៣០នាទីរសៀល គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។
វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមដែលជាប្រធាន គធ.ខប ប្រធានលេខាធិការដ្ឋាន និងជាប្រធាន អនុគណៈកម្មការបច្ចេកទេសនៃ គធ.ខប សមាជិកទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាលអប់រំអ្នកបោះឆ្នោត ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការ និងបញ្ជីបោះឆ្នោត ដែលមកពី គធ.ខប ទាំង ២៥ រាជធានី ខេត្ត ។ តំណាងគណបក្សនយោបាយចំនួន ១០ មាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ រីឯតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ មាន ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមបញ្ញវ័ន្ត និងយុវជនស្ម័គ្រចិត្ត អង្គការខុមហ្រ្វែល សមាគមកូភីអេ IFES មជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការនិកហ្វិច សមាគមនារីដើម្បី សន្តិភាព និងការអភិវឌ្ឍន៍។ ក្នុងវគ្គនេះក៏មានតំណាងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងតំណាងក្រសួងមហាផ្ទៃចូលរួមដែរ ដែលមានអ្នកចូលរួមសរុបចំនួន ១៤១ រូប ។
នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្តមប្រធាន គ.ជ.ប បានណែនាំដល់ ប្រធាន គធ.ខប ប្រធាន លគធ.ខប និងមន្រ្តី គធ.ខប ទាំងអស់ឱ្យយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា ៖ ការបណ្ដុះបណ្ដាល ការដោះស្រាយបណ្ដឹង ការធ្វើកិច្ចសហប្រតិបត្តិការ ការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោត និងអំពីវិធានការថ្មី ដើម្បីទប់ស្កាត់កុំឱ្យមានការបោះឆ្នោតលើសពីមួយដង ។
ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា “កត្តាជ័យជំនះរបស់យើងគឺ ឯកភាព សាមគ្គីភាព បើយើងមានការឯកភាព និងសាមគ្គីភាពល្អ ខ្ញុំមានជំនឿជឿជាក់ថា យើងទាំងអស់គ្នា និងទទួលបានជោគជ័យជាក់ជាមិនខាន” ៕