នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយ EU និងអង្គការ Konrad បានរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ស្តីពីសកម្មភាពជំរុញការអប់រំ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចពិភាក្សានេះរួមមាន ៖ មន្ត្រី គ.ជ.ប ជំនាញការ EU ជំនាញការ JICA ជំនាញការ IFES ជំនាញការ KOICA និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៩ សរុបអ្នកចូលរួមមានចំនួន ៣៨នាក់។
បន្ទាប់ពីបានបើកកិច្ចពិភាក្សា ឯកឧត្តម ហង្ស ពុទ្ធា បានអនុញ្ញាតឱ្យតំណាង គ.ជ.ប និងអង្គការមិនមែនរដ្ឋាភិបាល លើកឡើងពីរបាយការណ៍ការងារដែលបានអនុវត្តក្នុងដំណើរការនៃ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧។
តំណាងអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងជារួមថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ប្រព្រឹត្តទៅមានភាពល្អប្រសើរ។ ប៉ុន្តែអ្នកមកចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចនៅឡើយ ដោយសារតែកត្តាមួយចំនួនដូចជា ៖ ការផ្សព្វផ្សាយព័ត៌មាននៅមានកម្រិត ប្រជាពលរដ្ឋចំណាកស្រុក ភ្លៀងធ្លាក់ខ្លាំងដោយកន្លែង និងប្រជាពលរដ្ឋមួយចំនួនអាចនឹងសម្រុកទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃបិទចុះឈ្មោះចុងក្រោយ ។
ឆ្លើយតបនឹងការលើកឡើងរបស់តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាង គ.ជ.ប បានថ្លែងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះមិនអាចធៀបជាមួយនឹងចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ បានទេ ដោយសារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ គឺជាការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ហើយចំនួនប្រជាពលរដ្ឋប៉ាន់ស្មានមានរហូតទៅដល់ជាង ៩លាននាក់ ប៉ុន្តែការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះវិញ មានចំនួនប្រជាពលរដ្ឋប៉ាន់ស្មានជាង ១,៦លាននាក់ តែប៉ុណ្ណោះ។ គ.ជ.ប ក៏បានស្នើសុំ EU ជួយផ្តល់ថវិកាសម្រាប់ការផ្សព្វផ្សាយតាមមេក្រូចល័តក្នុងឃុំ សង្កាត់ និងបើកវគ្គផ្សព្វផ្សាយតាមសាកលវិទ្យាល័យ ដើម្បីឱ្យនិស្សិតចូលរួមជាស្ពានចម្លងព័ត៌មានបន្តទៅគ្រប់ទិសទី។
ចុងបញ្ចប់នៃកិច្ចពិភាក្សា គ.ជ.ប និងអង្គការមិនមែនរដ្ឋាភិបាលស្នើសុំម្ចាស់ជំនួយជួយសហការរៀបចំកិច្ចពិភាក្សាដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរយោបល់គ្នាក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ៕