បន្ទាប់ពីធ្វើបញ្ជីបច្ចុប្បន្នភាព នាឆ្នាំ២០១៧ ចំនួនអ្នកចុះឈ្មោះថ្មីមានចំនួន ៥សែន ៣ម៉ឺននាក់ ដែលចំនួនសរុបនៃអ្នកបោះឆ្នោតគឺ ៨,៣៨០,២១៩ នាក់។ គ.ជ.ប បានទុកពេល១០ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០១៧ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុប។ ទន្ទឹមនឹងនេះវិទ្យុ អនឡាញ (Online) មួយបានចុះផ្សាយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ថា “សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរកឃើញថា មានពលរដ្ឋខ្លះបានបាក់ទឹកចិត្តលែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត... ចំណែកពលរដ្ឋខ្លះយល់ឃើញថា គ.ជ.ប គ្រាន់តែជាឧបករណ៍របស់បក្សកាន់អំណាច...” ។
ក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប សុំសួរទៅម្ចាស់អត្ថបទនេះថា តើសង្គមស៊ីវិលដែលចាត់តាំងខ្លួនដោយខ្លួនឯងថាជាអ្នកឃ្លាំមើលការបោះឆ្នោត ជាសង្គមស៊ីវិលមួយណា ហើយពលរដ្ឋខ្លះនោះ ជាពលរដ្ឋណាដែរ?
ក្នុងនាមជាអ្នកសារព័ត៌មានអាជីពមិនត្រូវសរសេរព័ត៌មានណាដែលគ្មានមូលដ្ឋាន ឬគ្រាន់តែឮគេថា យកមកចុះផ្សាយព័ត៌មាននោះទេ។ ជាងនេះទៀត គ.ជ.ប មានក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ហើយចំណុច ៦.១២ បានចែងយ៉ាងច្បាស់ថា “ការបញ្ចេញបញ្ជូលនូវទស្សនផ្ទាល់ខ្លួន ឬក៏ធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍ ” ត្រូវបានហាមឃាត់។
ក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប យល់ឃើញថា ការសរសេរបែបនេះ គឺក្នុងគោលបំណងយកសង្គមស៊ីវិល និងពលរដ្ឋកម្ពុជាជាចំណាប់ខ្មាំងនៃអត្ថបទរបស់ខ្លួន ហើយមានចេតនាធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតដែលផ្ទុយពីការគិតរបស់ប្រជាពលរដ្ឋទូទៅដែលតែងតែមានសុភវិនិច្ឆ័យ និងទទួលស្គាល់ការងាររបស់ គ.ជ.ប ។ ជនណាក៏ដោយដែលធ្វើបែបនេះត្រូវហាមឃាត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាត្រា ១៤២ ហើយដែលនឹងអាចត្រូវផាកពិន័យជាប្រាក់ពី ៥លាន ទៅ២០លានរៀលដោយ គ.ជ.ប ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។
តាមពិត គ.ជ.ប បានសង្កេតឃើញថាចំនួនអ្នកពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បានចូលពិនិត្យតាមគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ចំនួនជាង ២៦,៥ម៉ឺននាក់ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ចំនួននេះមិនបានរាប់បញ្ចូលពីចំនួនប្រជាពលរដ្ឋដែលទៅពិនិត្យឈ្មោះរបស់ ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលបានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ គ.ជ.ប ក៏បានសង្កេតឃើញផងដែរថាប្រជាពលរដ្ឋមួយចំនួនមានទំនុកចិត្តលើការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែលឈ្មោះរបស់ពួកគាត់ត្រូវបានកត់ត្រា ផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណដែលគាត់ប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត។ គ.ជ.ប ក៏យល់ផងដែរថា ការជាប់រវល់ជាមួយនឹងមុខរបរ ឬអាជីវកម្មធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមិនបានចាប់អារម្មណ៍នឹងសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ ដែលរឿងបែបនេះបាននឹងកំពុងកើតមានមិនខុសពីបណ្តាប្រទេសអភិវឌ្ឍនានាក្នុង ពិភពលោក។