បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន ៤ ឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដោយសម្តេចសង្ឃរាជទាំង ២គណៈ នៅសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។
ជាលទ្ធផលដែលសម្តេចសង្ឃរាជទាំង ២គណៈ បានយាងចាប់ឆ្នោតលំដាប់លេខរៀងនោះមានដូចតទៅ ៖
- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១
- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
- គណបក្ស ខ្មែររួបរួមជាតិ ទទួលបានលេខរៀងទី៣
- គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤
ឯកឧត្តម ស៊ិក ប៊ុនហុក បានថ្លែងថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោតនិងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។ ឯកឧត្តមបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតតាមបែបអសកល ដែលមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗតែប៉ុណ្ណោះ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ និងមានអង្គបោះឆ្នោត សរុបចំនួន ១១,៦៩៥នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាតំណាងរាស្រ្តមានចំនួន ១២៣នាក់ ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានសមាជិកចំនួន ៦២រូប។ សមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវបែងចែកតាមភូមិភាគដូចខាងក្រោម ៖
- ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ អាសនៈ
- ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ
- ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ
- ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
- ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ
- ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ
- ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ
- ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ
ក្នុងពេលឆាប់ៗខាងមុខនេះ គ.ជ.ប នឹងត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលភូមិភាគនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលក្នុងសន្លឹកឆ្នោតទាំងនោះត្រូវការជាចាំបាច់នូវលំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងនៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលភូមិភាគទាំង ៨ ទូទាំងប្រទេស ៕