គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតចំនួន ២៥,៩៥០ សន្លឹករួចរាល់នៅថ្ងៃនេះ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ការបោះពុម្ពសន្លឹកឆ្នោតនេះ ត្រូវបានបង្ហាញនៅរោងពុម្ព លី វ៉ានហុង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
អញ្ជើញចូលរួមក្នុងឱកាសនេះរួមមាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប ឯកឧត្តម ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ គ.ជ.ប តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ ៣០ រូប ។
ក្នុងចំណោមសន្លឹកឆ្នោតសរុបទាំង ២៥,៩៥០ សន្លឹក មាន ៖
- សន្លឹកឆ្នោតតាមការិយាល័យ ចំនួន ១៩,៤០០ សន្លឹក
- សន្លឹកឆ្នោតបម្រុង ចំនួន ៥,៣០០ សន្លឹក
- សន្លឹកឆ្នោតគំរូ ចំនួន ១,២៥០ សន្លឹក
ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ក្នុងក្របខ័ណ្ឌការបោះឆ្នោតអសកល ដែលមានការបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត ហើយការធ្វើបែបនេះគឺ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា គ.ជ.ប មានតម្លាភាពក្នុងការងាររបស់ខ្លួន ហើយ គ.ជ.ប បានចំណាយថវិកាសរុបចំនួន ៧៤លានរៀល ដើម្បីបោះពុម្ពសន្លឹកឆ្នោត។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានសង្កត់ធ្ងន់ផងដែរថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គឺជាគោលការណ៍ការងារបស់ គ.ជ.ប ។ បើតាមអ្នកនាំពាក្យ គ.ជ.ប រូបនេះ ការបោះពុម្ពសន្លឹកឆ្នោតនេះធ្វើឡើងយ៉ាងត្រឹមត្រូវអនុលោមទៅតាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលចែងក្នុង ប្រការ ៨.២.១ ដល់ប្រការ ៨.២.៤ ៖ “គ.ជ.ប ធានាបោះពុម្ពសន្លឹកឆ្នោតគ្រប់ចំនួនសម្រាប់រាជធានី ខេត្តនីមួយៗនៅលើក្រដាសពណ៌ស។ សន្លឹកឆ្នោតនីមួយៗត្រូវមានគល់បញ្ជីសន្លឹកឆ្នោត លេខរៀងតាមលំដាប់គ្នានៃសន្លឹកឆ្នោតត្រូវបោះនៅលើគល់បញ្ជីសន្លឹកឆ្នោត។ សន្លឹកឆ្នោតនីមួយៗត្រូវមានសញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ និងអក្សកាត់។ សញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ និងអក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោតត្រូវដាក់តាមលំដាប់លំដោយផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោត។ ភូមិភាគនីមួយៗ ត្រូវមានសន្លឹកឆ្នោតដោយឡែករបស់ខ្លួន ដែល គ.ជ.ប ផ្តល់ជូន។”
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ គ.ជ.ប បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងដោយ ៖
- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១
- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
- គណបក្ស ខ្មែររួបរួមជាតិ ទទួលបានលេខរៀងទី៣
- គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤
សន្លឹកឆ្នោត និងសម្ភារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប ត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគ នៅ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ៕