សេចក្ដីប្រកាសព័ត៌មាន លេខ ០៣០​៖​ លទ្ធផល​នៃ​ការបំពេញបេសកកម្ម​នៅបរទេស របស់គណៈប្រតិភូ គ.ជ.ប

សហភាពអឺរ៉ុបនៅតែទទួលស្គាល់ និងកោតសរសើរចំពោះការវិវឌ្ឍរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ អ្វីដែលសហភាពអឺរ៉ុបដកខ្លួនចេញពី គ.ជ.ប មួយរយៈមិនមែនមានន័យថា សហភាពអឺរ៉ុបប្រឆាំងនឹង  គ.ជ.ប ទេ ប៉ុន្តែវាជាទិដ្ឋភាពផ្សេង។ នេះជាប្រសាសន៍របស់ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពី៝ឯកឧត្តមបានវិលត្រលប់មកពីបំពេញទស្សនកិច្ចនៅបរទេសកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
 
ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និងឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានចូលរួមប្រជុំគណៈកម្មាធិការកម្ពុជា និងសហភាពអឺរ៉ុប ដែលធ្វើឡើងនៅឯទីក្រុងប្រ៊ុចសែល។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឌឹម សុវណ្ណារុំ បានធ្វើបទបង្ហាញលើប្រធានបទចំនួន ៣ រួមមាន ៖

  • ប្រវត្តិនៃការបង្កើតស្ថាប័ន គ.ជ.ប
  • ការរៀបចំការបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨ រហូតការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៦ ឆ្នាំ២០១៨
  • ការពង្រឹងស្ថាប័ន គ.ជ.ប ឱ្យកាន់តែមានភាពរឹងមាំ

ប្រធានបទទាំងបីខាងលើនេះ ត្រូវបានឯកឧត្តម ឌឹម សុវណ្ណារុំ ពន្យល់យ៉ាងលម្អិតទៅកាន់សហភាពអឺរ៉ុប ឱ្យយល់កាន់តែច្បាស់អំពីការងារបច្ចុប្បន្ន និងទិសដៅការងាររបស់ គ.ជ.ប ។
ជាចុងបញ្ចប់ក្នុងកិច្ចប្រជុំនៅទីក្រុងប៊្រុចសែល តំណាង គ.ជ.ប បានជូនសារទៅកាន់សហភាពអឺរ៉ុបថា ប្រសិនបើសហភាពអឺរ៉ុបមិនចាត់ទុកថា គ.ជ.ប ជាស្ថាប័ននយោបាយទេ ហើយគិតថា គ.ជ.ប ជាស្ថាប័នបច្ចេកទេសសុទ្ធសាធ និងជាស្ថាប័នអនុវត្តច្បាប់ គ.ជ.ប នៅតែស្វាគមន៍ជានិច្ច ដើម្បីសហការគ្នាក្នុងការបន្ត     មរតករបស់សហភាពអឺរ៉ុបនៅ គ.ជ.ប ។

ក្រោយពីបានបញ្ចប់ការងារនៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្សិក តំណាង គ.ជ.ប បានបន្តដំណើរ ទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស៊្សី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដើម្បីចុះកិច្ចព្រមព្រៀងលើពិធីសារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស៊្សី និង គ.ជ.ប កម្ពុជា។

ពិធីសារនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា រវាងឯកឧត្តម ឌឹម សុវណ្ណារុំ តំណាង គ.ជ.ប នៃ   ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Ella A. Pamfilova ប្រធានគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី និងដែលត្រូវអនុវត្តដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា សមភាព មានផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការប្រតិបត្តិតាមច្បាប់រដ្ឋរបស់ភាគីនីមួយៗ។

បើតាមឯកឧត្តម ឌឹម សុវណ្ណារុំ ពិធីសារនេះមានគោលបំណង ដើម្បីពង្រឹងច្បាប់បោះឆ្នោត និងការអនុវត្តជាក់ស្ដែងក្នុងការត្រៀមរៀបចំការបោះឆ្នោត ដោយយកចិត្តទុកដាក់លើសកម្មភាព ដូចខាងក្រោម៖

  • សកម្មភាពនៃស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានាសម្រេចឱ្យបាននូវសិទ្ធិបោះឆ្នោត បង្កើនកម្រិតវិជ្ជាជីវៈរបស់ស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងសិទ្ធិស្របច្បាប់របស់អ្នកបោះឆ្នោត
  • ធានាសិទ្ធិរបស់ភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោត ដំណើរការឃោសនាបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជន
  • ការផ្ដល់ហិរញ្ញប្បទានសម្រាប់ដំណើរការបោះឆ្នោត ពោលគឺយន្តការច្បាប់ និងការរៀបចំដើម្បីរក្សាឱ្យបាន និងគ្រប់គ្រងដំណើរការបោះឆ្នោត
  • ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សម្រាប់ការបោះឆ្នោត និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងទៀត ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះឈ្មោះ ការរក្សាគណនីព័ត៌មាន និងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត សម្ភារ បរិក្ខារ និងម៉ាស៊ីនក្នុងការធានារក្សាឱ្យបាននូវដំណើរការបោះឆ្នោត។

 នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ តំណាង គ.ជ.ប ដែលរួមមានឯកឧត្តម ឌឹម សុវណ្ណារុំ និងឯកឧត្តម សោម សូរីដា បានចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីនៅប្រទេសរុស៊្សី។ ក្នុងការចូលរួមសង្កេតការណ៍  ឯកឧត្តមបានមើលឃើញពីប្រព័ន្ធព័ត៌មានវិទ្យាដ៏ទំនើប ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសរុស្ស៊ី ហើយ គ.ជ.ប កម្ពុជា ក៏មានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាដ៏ទំនើបនោះផងដែរ ប៉ុន្តែត្រូវដើរទន្ទឹមគ្នានឹងច្បាប់របស់ប្រទេសកម្ពុជា និងបទដ្ឋានគតិយុត្តិរបស់ គ.ជ.ប ៕

ទាញយកកម្មវិធី(App) CamNEC News