តំណាងគណបក្សនយោបាយចំនួន ១៥ ក្នុងចំណោមអ្នកចូលរួមចំនួន ៧០នាក់ មកពីស្ថាប័នជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ បានស្នើសុំអន្តរាគមន៍ពី គ.ជ.ប ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ផ្តល់កិច្ចសហការក្នុងការបំពេញបែបបទសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ។ ការស្នើសុំនេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការ គ.ជ.ប ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នុត សុខុម បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ កន្លងមក មានគណបក្សនយោបាយចំនួន ៨ បានចូលរួមប្រកួតប្រជែង ដោយឡែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះមានគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការ មានចំនួន ៣៧ គណបក្ស ។
ក្នុងកិច្ចប្រជុំនេះផងដែរ គណបក្សនយោបាយចំនួន ៨ មានដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរឈប់ក្រ គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សធម្មាធិបតេយ្យ បានលើកឡើងនូវកង្វល់ និងសំណូមពរជុំវិញការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានជាអាទិ៍ ៖
- អាជ្ញាធរមូលដ្ឋានមួយចំនួនមិនបានផ្តល់ភាពងាយស្រួលដល់តំណាងគណបក្សនយោបាយក្នុងការបំពេញឯកសារ
- ស្នើសុំឱ្យ គ.ជ.ប បង្ហាញជាក់លាក់ចំនួនបេក្ខជនពេញសិទ្ធិ ១/៣ នៃចំនួនបេក្ខជនពេញសិទ្ធិទាំង ១២៥ រូប នៃរដ្ឋសភា នីតិកាលទី៦
ឆ្លើយតបទៅនឹងកង្វល់ និងសំណូមពរខាងលើនេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងពីមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលចែងថា “ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិតដូចជា ៖
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
- បង្កការអុកឡុកឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។
- រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោត តាមការកំណត់។
- ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
- ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
- បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន។”
លើសពីនេះមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។” ឯកឧត្តម សោម សូរីដា លើកឡើងនូវមាត្រាទាំងពីរនេះ គឺចង់បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការជូនគ្រប់គណបក្សនយោបាយដោយគ្មានការរើសអើង។
ដោយឡែកឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនដល់អង្គប្រជុំថា បេក្ខជនពេញសិទ្ធិ ១/៣ នៃចំនួនបេក្ខជនពេញសិទ្ធិទាំង ១២៥ រូប ថាតើមានចំនួន ៤១ រូប ឬ ៤២ រូប នោះ ត្រូវឆ្លងកិច្ចប្រជុំ គ.ជ.ប ហើយនឹងជម្រាបជូនព័ត៌មាននៅពេលក្រោយ។
ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា :
- គណបក្សនយោបាយត្រូវមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឱ្យបានទាន់ពេលវេលា ។
- គ.ជ.ប នឹងស្នើសុំកិច្ចសហការពីក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានឱ្យបំពេញបែបបទជូនគណបក្សនយោបាយដោយគ្មានការរើសអើង និងទាន់ពេលវេលា ។
- អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងខិតខំសម្រួលការងារជូនគ្រប់គណបក្សនយោបាយ ដើម្បីឱ្យការងារចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ប្រព្រឹត្តទៅដោយរលូន ៕