គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សូមរំលឹកថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ត្រូវចាប់ផ្តើមនៅថ្ងៃចន្ទទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ។
ការចុះបញ្ជីនេះ បើកទូលាយដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ គណបក្ស និងបេក្ខជនមានសិទ្ធិចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោត ហើយជាពិសេសមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងយ៉ាង ច្បាស់អំពីសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ គ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
គ.ជ.ប ត្រូវបានទទួលស្គាល់ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត ជាពិសេសលទ្ធផលការងាររបស់ខ្លួននៃការរៀបចំការបោះឆ្នោតសកលជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។ នៅទីក្រុងប៊្រុយស៊ែល សេចក្តីថ្លែងការណ៍រួមកម្ពុជា-សហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបានកោតសរសើរ គ.ជ.ប ដែលបានខិតខំ រៀបចំការបោះឆ្នោត ឃុំ សង្កាត់នេះ ប្រកបដោយរបៀបរៀបរយ និងស្ងប់ស្ងាត់ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា គណបក្សនយោបាយ និងស្ថាប័ននានានៅកម្ពុជា ទទួលយកលទ្ធផលនៃការបោះឆ្នោតដោយស្ងប់ចិត្ត ។ ការដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្យួរជំនួយពី គ.ជ.ប គឺជាហេតុផលផ្សេងមិនមែន គ.ជ.ប ធ្វើការមិនត្រឹមត្រូវនោះទេ ។ គ.ជ.ប ក៏គ្មានហេតុផលអ្វីត្រូវបោះបង់ចោលសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ខ្លួនដែលទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសអ្នកជំនាញការរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដែលមានទីស្នាក់ការផ្ទាល់ជាមួយ គ.ជ.ប ជាយូរឆ្នាំមកហើយ និងដែលបានស្គាល់ច្បាស់ពីសកម្មភាពពិតរបស់ គ.ជ.ប ។ ជាងនេះទៅទៀតដើម្បីតម្លាភាពពេញទី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានស្នើសុំ លោកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ឱ្យបង្កើតការិយាល័យ UN ប្រចាំនៅ គ.ជ.ប សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ នាឱកាសជំនួបជាមួយគ្នាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។
គ.ជ.ប មានការសោកស្តាយចំពោះការលើកឡើងថា គ.ជ.ប បំពេញការងារមិនបានត្រឹមត្រូវ ដែលតាមពិតប្រជាពលរដ្ឋខ្មែរគួរតែមានមោទនភាពជាតិចំពោះសមិទ្ធផលដ៏ធំធេងនេះ ៕