គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសផ្សាយការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា” អាណត្តិទី៣ នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ ចំនួន ១៣ តំណាងស្ថានទូតជប៉ុន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ និងអង្គភាពសារព័ត៌មានចំនួន ៨ សរុបចំនួន ៦០នាក់។
ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ថា ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរៀងខ្លួនគ្រប់ដំណាក់កាលនៃការបោះឆ្នោត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ។ ដំណាក់កាលសំខាន់ៗនៃការបោះឆ្នោតមានដូចខាងក្រោម ៖
- ដំណាក់កាលចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ៖ យោងតាមប្រតិទិនរបស់ គ.ជ.ប គឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិកសរុបចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។ ការចុះឈ្មោះត្រូវអនុវត្តតាមរបៀបស្រង់ ឈ្មោះនៅតាមឃុំ សង្កាត់ និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប ។
- ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ៖ គឺមានរយៈពេលតែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ។
- ដំណាក់កាលឃោសនាបោះឆ្នោត ៖ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ៨ថ្ងៃ គឺត្រូវបានកាត់បន្ថយ ដែលកាលពីអាណត្តិទី១ និងអាណត្តិទី២ ការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ ។
- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ។
- ការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ។
ឯកឧត្តមបានបង្ហាញ អំពីតួលេខមួយចំនួនទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី១ ឆ្នាំ២០០៩ អាណត្តិទី២ ឆ្នាំ២០១៤ និងអាណតិ្តទី៣ ឆ្នាំ២០១៩ ដូចខាងក្រោម ៖
ការបោះឆ្នោត |
កាលបរិច្ឆេទ បោះឆ្នោត |
ចំនួនឃុំ សង្កាត់ |
ចំនួនក្រុង ស្រុក ខណ្ឌ |
ចំនួនរាជធានី ខេត្ត |
ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត |
ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ |
ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ |
អាណត្តិទី១ |
១៧-០៥- ២០០៩ |
១,៦២១ |
១៩៣ |
២៤ |
៣៧៤ នាក់ |
២,៨៦១ នាក់ |
១១,៣៥៣ នាក់ |
អាណត្តិទី២ |
១៨ -០៥- ២០១៤ |
១,៦៣៣ |
១៩៧ |
២៥ |
៣៩៣ នាក់ |
២,៩៣១ នាក់ |
១១,៤៥៩ នាក់ |
អាណត្តិទី៣ |
២៦ -០៥- ២០១៩ |
១,៦៤៦ |
២០៣ |
២៥ |
៥៥៩ នាក់ |
៣,៥៥៥ នាក់ |
១១,៥៧២ នាក់ |
ឯកឧត្តមប្រធានដឹកនាំអង្គប្រជុំ ក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ សូមត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ។
សូមរំលឹកថា តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមលេខ ៧៧ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕