នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចជាផ្លូវការលើ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មាន ៣ ជំពូក ១៣ ផ្នែក និងឧបសម្ព័ន្ធ ចំនួន ៧ ស្មើនឹង ៣២៥ ទំព័រ ហើយបានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធ ផ្តល់អនុសាសន៍ កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩ ។
បន្ទាប់ពីទទួលបានអនុសាសន៍ពីស្ថាប័ន ចំនួន ១០ ពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើអនុសាសន៍ទាំងនោះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការ គ.ជ.ប ដែលមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័នរដ្ឋ ចំនួន ៥ គណបក្សនយោបាយ ចំនួន ៤ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ២ អង្គភាពសារ ព័ត៌មាន ចំនួន ៨ រួមទាំងមន្រ្តី គ.ជ.ប លធ.ខប ចំនួន ៣១នាក់ សរុបអ្នកចូលរួម ចំនួន ៦៣នាក់ ។
តាមប្រសាសន៍របស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ផ្លូវការនេះ នឹងត្រូវបានបង្ហោះនៅលើគេហទំព័រ (Website) គ.ជ.ប www.nec.gov.kh ក្នុងពេលឆាប់ៗនេះ ៕