នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១,៦៤៦ នៅទូទាំងប្រទេសត្រូវបានបើកព្រមៗគ្នាក្នុងថ្ងៃតែមួយនេះដែរ។ នេះបើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។
ការចុះឈ្មោះបោះឆ្នោតនេះ បានចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ (មានរយៈពេល ១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ)។
អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។ ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ត្រូវចុះហត្ថលេខា និងបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់ ពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។
ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ សង្កាត់។
អ្នកដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ណាមួយត្រូវបំពេញលក្ខខណ្ឌដូចជា ៖
- ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ។
- មិនចាំបាច់បង្ហាញខ្លួន ឬអាចទៅបង្ហាញខ្លួននៅចំពោះមុខប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីទទួលព័ត៌មានឱ្យបានគ្រប់គ្រាន់អំពីការិយាល័យបោះឆ្នោត និងអំពីតម្រូវការឯកសារនៅពេលបោះឆ្នោត ៕