យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០១៩ អ្នកដែលមានអាយុចាប់ពី ១៨ ឡើងទៅ មានចំនួន ១០,១៧៨,៨០៩ នាក់ ហើយ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣៧២,៦២៨ នាក់ និងអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៨៨,៦២៦ នាក់ ។ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ៨,៥៤៤,៨៨៥ នាក់ និងការិយាល័យបោះឆ្នោត ឆ្នាំ២០១៩ មានចំនួន ២៣,៣៦៤ ការិយាល័យ www.nec.gov.kh/khmer/content/3837 ។ នេះជាការអះអាងរបស់ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ដែលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ស្ថានទូតជប៉ុន អង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ គណបក្សនយោបាយ ចំនួន ១៤ អង្គភាពសារព័ត៌មានចំនួន ៨ និងមន្ត្រីនៃទីស្តីការ គ.ជ.ប សរុបអ្នកចូលរួមមានចំនួន ៦០ នាក់។
ឯកឧត្តមអនុប្រធាន បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នេះ ដូចគ្នានឹងឆ្នាំកន្លងទៅដែរ គឺមានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ ៖
១. ការចុះឈ្មោះបោះឆ្នោត ចំពោះ ៖
- ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០១)
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត ។
២. ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ។
៣. ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត
- ដែលបានទទួលមរណភាព
- ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
- ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
ដែលមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីតាមដាន និងពិនិត្យមើលដំណើរការនេះនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តឱ្យបានរលូន និងជោគជ័យ និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និងធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ត្រូវធ្វើឡើងនៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់ ដែលមានរយៈពេល ២២ថ្ងៃ ដោយបែងចែកពេលវេលាដូចខាងក្រោម ៖
- រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់
- រយៈពេល ១១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែឧសភា ចុះឈ្មោះចល័តតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់
- រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ ៕