សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០២៣​៖​ ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​លេខាធិការ​ដ្ឋាន​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​នៃ​ ​គ.ជ.ប​

នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នៃ គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

នៅថ្ងៃប្រឡងប្រជែងនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានអញ្ជើញជាអធិបតីក្នុងការកាត់កញ្ចប់បើកវិញ្ញាសាប្រឡងប្រជែង ដែលបានបិទភ្ជិតនៅចំពោះមុខបេក្ខជនប្រឡង ហើយឯកឧត្តមប្រធានក៏បានមានប្រសាសន៍សំណេះសំណាលជាអាទិ៍ថា បេក្ខជនទាំងអស់ត្រូវតែគោរព ឱ្យបាននូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយអ្នកដែលបានជាប់ជាមន្រ្តី លធ.ខប ត្រូវតែបំពេញតួនាទីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទោះបីជាកន្លងមកធ្លាប់មាននិន្នាការគាំទ្រគណបក្សនយោបាយណាមួយក៏ដោយ ព្រោះ គ.ជ.ប ជាស្ថាប័នឯករាជ្យ និងគោរពច្បាប់ ។

បេក្ខជនដែលបានដាក់ពាក្យប្រឡងប្រជែង មានចំនួន ២៧៦ នាក់ មកពី ២៥ រាជធានី ខេត្ត ហើយ គ.ជ.ប ជ្រើសរើសយក ចំនួន ៧៥ នាក់ តែប៉ុណ្ណោះ ដើម្បីចូលបម្រើការងារនៅ លធ.ខប ទាំង ២៥ រាជធានី ខេត្ត  មានន័យថា ក្នុងមួយរាជធានី ខេត្តជ្រើសរើសមន្រ្តី លធ.ខប ចំនួន ៣ នាក់។
មុខជំនាញដែលត្រូវប្រឡងប្រជែងជ្រើសរើសរួមមាន ៖

  • សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល
  • សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការ និងបញ្ជីបោះឆ្នោត
  • សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ
  • ការីការងាររដ្ឋបាល ។

សូមជម្រាបជូនថា គ.ជ.ប បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រី លធ.ខប នេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបានបិទផ្សាយលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើសតាម លធ.ខប ទាំង ២៥ រាជធានី ខេត្ត រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ និងបានផ្សព្វផ្សាយតាមសារព័ត៌មាន បណ្តាញសង្គម (Facebook) គេហទំព័រ គ.ជ.ប និងតាមវិទ្យុយ៉ាងទូលំទូលាយ។
 
ចំពោះលទ្ធផលនៃការប្រឡងប្រជែងនៅថ្ងៃនេះ គ.ជ.ប នឹងផ្សព្វផ្សាយនៅពេលសមស្របខាងមុខ ៕

ទាញយកកម្មវិធី(App) CamNEC News