នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១,៦៤៦ ក្រុម ស្មើនឹងចំនួន ៣,២៩២ រូប ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំនួន ១,៦៤៦ ទូទាំងប្រទេស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៩។
ដើម្បីឱ្យការប្រឡងនេះប្រកបដោយតម្លាភាព និងសុចរិតភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.បទាំង ៩ រូប និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ២៥ រូប ចុះទៅត្រួតពិនិត្យ និងសម្របសម្រួលការប្រឡងតាមបណ្តារាជធានី ខេត្ត ទាំង២៥ ។
នាឱកាសនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចុះទៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យ និងជាអធិបតីក្នុងការកាត់កញ្ចប់វិញ្ញាសាប្រឡង។ ឆ្លៀតពេលនោះដែរ ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍សំណេះសំណាលដោយសង្កត់ធ្ងន់ថា ការប្រឡងជ្រើសរើសក្រុមចុះឈ្មោះនេះ គឺធ្វើឡើងប្រកបដោយ យុតិ្តធម៌ និងតម្លាភាព។ វិញ្ញាសាប្រឡងត្រូវបានបិទភ្ជិត ដោយមានហត្ថលេខា និងមានត្រានៅពីលើកញ្ចប់វិញ្ញាសាបិទភ្ជិតនោះ។ ឯកឧត្តមបានបន្តទៀតថា ការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់ណាស់ ប្រសិនបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ គឺមិនមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំបានទេ។ ក្រុមចុះឈ្មោះបោះឆ្នោត ដែលបានប្រឡងជាប់ត្រូវតែបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី ដែលនៅជាធរមាន។
មុខតំណែងដែលនឹងត្រូវជ្រើសរើសរួមមាន ៖
- ប្រធានក្រុមចុះឈ្មោះបោះឆ្នោតដែលហៅកាត់ថា ក.ច.ប ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
- សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
ការប្រឡងមុខតំណែងទាំងពីរខាងលើមានវិញ្ញាសាខុសគ្នា ៖
- មុខតំណែងប្រធាន ក.ច.ប ត្រូវធ្វើការប្រឡង QCM
- មុខតំណែងសមាជិក ក.ច.ប ជាការីកុំព្យូទ័រត្រូវប្រឡងតាមរយៈការធ្វើតេស្តកុំព្យូទ័រ
ការប្រឡងជ្រើសរើសនេះ ប្រព្រឹត្តទៅជាមួយគ្នាទូទាំងប្រទេសក្នុងរយៈពេលមួយព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ហើយលទ្ធផលនៃការជ្រើសរើសនឹងបិទផ្សាយ នៅតាមសាលាឃុំ សង្កាត់ ក្នុងរាជធានី ខេត្ត នីមួយៗនាពេលឆាប់ៗនេះ។ អ្នកដែលប្រឡងជាប់នឹងចាប់ផ្តើមចូលបម្រើការងារពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ៕