អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ទេព នីថា ក្នុងឱកាសបិទវគ្គ បណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ជាថ្មីថា បច្ចុប្បន្ននេះ គ.ជ.ប មានការមមាញឹកយ៉ាងខ្លាំង ដើម្បីរៀបចំការងារចំនួនពីរនៅចំពោះមុខ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ។
ដើម្បីបំពេញការងារទាំងពីរខាងលើនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម ទេព នីថា បានធ្វើការណែនាំដល់មន្ត្រីថ្នាក់ក្រោមជាអាទិ៍ ៖
- ត្រូវពង្រឹងសមត្ថភាពបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាព
- ត្រូវកំណត់ឱ្យបានច្បាស់អំពីតួនាទីរបស់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងលេខាធិការដ្ឋានគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត(លគធ.ខប)
- ធ្វើការតាមដានការងារឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការដោះស្រាយត្រឹមកម្រិតថ្នាក់រាជធានី ខេត្ត ឬអាចបញ្ជូនបន្តមក គ.ជ.ប ដើម្បីចាត់វិធានការដោះស្រាយ
- ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីប្រធាន គធ.ខប ប្រធាន លគធ.ខប សមាជិកទទួលបន្ទុកបណ្តុះបណ្តាល តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ១០១ នាក់ ដោយសិក្សាលើប្រធានបទសំខាន់ៗជាអាទិ៍ ៖
- បទប្បញ្ញត្តិសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
- ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការវេចខ្ចប់ និងការរក្សាទុកសម្ភារ
- ការត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត និងការកំណត់បែងចែកអាសនៈដោយ គធ.ខប
- ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៅ គធ.ខប ជាដើម ៕