អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទទី២ ដែលនៅមានសុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត គឺជាឯកសារតែមួយគត់ដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ។ នេះជាប្រសាសន៍ របស់ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ និងនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ ចំនួន ៩ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩ អង្គភាពសារព័ត៌មាន ចំនួន ៧ និងមន្ត្រី គ.ជ.ប សរុបចំនួន ៥០នាក់។
អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាជ្ញាធរឃុំ សង្កាត់ មានសិទ្ធិក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបានខូច ឬបាត់ តាមការស្នើសុំដើម្បីបំពេញលក្ខខណ្ឌសម្រាប់ការចុះឈ្មោះបោះឆ្នោត ។
ឯកឧត្តមបានបន្ថែមថា នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តផ្អែកតាមសេចក្តីណែនាំរួម លេខ ០១៨ សណន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ។
មេឃុំ ចៅសង្កាត់ ឬជំទប់ ចៅសង្កាត់រង ដែលត្រូវបានប្រគល់សិទ្ធិពីមេឃុំ ចៅសង្កាត់មានសមត្ថកិច្ចចេញឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួនតាមការស្នើសុំរបស់សាមីខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ។
មេឃុំ ចៅសង្កាត់ ឬជំទប់ ចៅសង្កាត់រង ដែលត្រូវបានប្រគល់សិទ្ធិពីមេឃុំ ចៅសង្កាត់ ឬជនណាដែលក្លែងបន្លំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ឬក៏ចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតមិនបានត្រឹមត្រូវតាមនីតិវិធី ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
អ្នកសុំចុះឈ្មោះដែលបានបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែលំនៅឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សេងពីលំនៅឋាន ឬទីសំណាក់ដែលសាមីខ្លួនកំពុងរស់នៅ ហើយសាមីខ្លួនពុំមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានបញ្ជាក់ការស្នាក់នៅរបស់សាមីខ្លួនក្នុងឃុំ សង្កាត់ ដែលគាត់សុំចុះឈ្មោះបោះឆ្នោតនោះ មានសិទ្ធិស្នើសុំលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ ពីអាជ្ញាធរឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅនៃការសុំចុះឈ្មោះបោះឆ្នោត ។
ចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលបងប្អូនកំពុងរស់នៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ ។ ក្នុងករណីប្រជាពលរដ្ឋខ្វះឯកសារ ឬមានបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ដូចជាអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែលបងប្អូនត្រូវចុះឈ្មោះបោះឆ្នោត ឬផ្លាស់ទីលំនៅ ហើយបងប្អូនពុំទាន់យល់ច្បាស់ពីនីតិវិធី ដើម្បីអាចសុំចុះឈ្មោះបោះឆ្នោតបាន សូមទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលបងប្អូនកំពុងរស់នៅ ដើម្បីពួកគាត់ណែនាំអំពីនីតិវិធីដែលត្រូវអនុវត្ត ៕