នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើប្រធានបទ ២ សំខាន់ “ទី១ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ទី២ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ” ក្រោមអធិបតីភាពឯកឧត្តម ហ៊ីង ធីឫទិ្ធ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភាក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ ចំនួន ១០ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៤ ;អង្គភាពសារព័ត៌មាន ចំនួន ១០ និងមន្ត្រី គ.ជ.ប សរុបចំនួន ៧០នាក់
ឯកឧត្តម ហ៊ីង ធីឫទិ្ធ បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ គឺមានរយៈពេល ៨ថ្ងៃតែប៉ុណ្ណោះ ខុសពីអាណត្តិទី១ និងអាណត្តិទី២ ដែលមានរយៈពេល ១៥ថ្ងៃ។ គណបក្សនយោបាយ ដែលមានបំណងធ្វើការហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងហោចណាស់ឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។
ចំពោះការដាក់ពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹងដែលជាប្រធានបទទី២ ឯកឧត្តមបានបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយដែលប្រព្រឹត្តអំពើផ្ទុយពីច្បាប់បោះឆ្នោត។ ពាក្យបណ្តឹងត្រូវដាក់ទៅ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃកើតហេតុ ឬប្តឹងទៅ គ.ជ.ប ក្នុងករណីមិនសុខចិត្តនឹងលិខិតជូនដំណឹង ឬសេចក្តីសម្រេចរបស់ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងបដិសេធ ឬសេចក្តីសម្រេចរបស់ គធ.ខប។
ជាចុងក្រោយ ពាក់ព័ន្ធនឹងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ គឺមានតំណាងគណបក្សនយោបាយ ចំនួន ៥រូប និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៥រូប បានចូលរួមធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែល គ.ជ.ប បញ្ជាទិញទឹកខ្មៅជ្រលក់ម្រាមដៃនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌា ចំនួន ៥៣០ដប ។ ជាបទពិសោធន៍ និងជាលទ្ធផលក្រោយពេលសាកល្បងបង្ហាញឱ្យឃើញថា ទឹកខ្មៅនេះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះ ទោះបីជាបានប្រើទឹកលាងសម្អាតរហូត ៥ ប្រភេទក៏ដោយ ។
ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះនេះ ត្រូវបានក្រុមហ៊ុនធានាអះអាងថា មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពឡើយ ដោយផលិតពីសូលុយស្យុងប្រាក់នីត្រាត ដែលមានកំហាប់ប្រាក់ ប្រមាណ ២៥% ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែឧសភា មានភ្នាក់ងារគណបក្សនយោបាយ ចំនួន ៧០៤នាក់ និងអ្នកសង្កេតការណ៍ ចំនួន ៦១៩នាក់ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងជាសាក្សីនៃការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅ ១៦ថ្ងៃ ទៀត គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕