ថ្ងៃនេះទី១៧ ខែឧសភា ត្រូវនឹងថ្ងៃទី១ នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត (គធ.ខប) គណបក្សដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមកម្មវិធីរៀងៗខ្លួនដូចជា ជួបជុំសកម្មជន បេក្ខជន បា្ររព្ធពិធីប្រកាសបើកយុទ្ធនាការឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក ខណ្ឌ ហែក្បួនឃោសនាទៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ ប្រជុំឃោសនា តាមទីស្នាក់ការបក្ស ចែកខិត្តប័ណ្ណជាដើម។ល។
តាមរបាយការណ៍ គធ.ខប ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ក្រោមការសម្របសម្រួល និងការការពារពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ តួយ៉ាងដូចជាព្រឹកមិញនេះនៅរាជធានីភ្នំពេញ មានគណបក្សនយោបាយបីបានធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឆន្ទៈខ្មែរដោយក្នុងនោះគណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាចេញពីទីស្នាក់ការកណ្តាលបញ្ចប់នៅស្ពានព្រែកតាមាក់ ដោយមានអ្នកចូលរួម ៥០នាក់ រថយន្ត ៤គ្រឿង។ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាព ប្រជុំនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយបានរំសាយទៅតាមគោលដៅ ទាំង១៤ខណ្ឌ ដោយមានអ្នកចូលរួម ៣,៥០០នាក់។ រីឯគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពចាក់មេក្រូចល័ត និងចែកខិត្តប័ណ្ណ នៅខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ គណបក្សទាំងនេះបានបញ្ចប់សកម្មភាពឃោសនារបស់ខ្លួនប្រកបដោយសុវត្ថិភាព។
ក្រៅពីការធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវសាធារណៈ នៅថ្ងៃនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz កំពុងចាក់ផ្សាយកម្មវិធីអំពីគោលនយោបាយរបស់គណបក្សដែលចូលរួមប្រកួតប្រជែង ដែលកម្មវិធីនេះរៀបចំឡើងដោយ គ.ជ.ប ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សានៅក្របខ័ណ្ឌទូទាំងប្រទេស៕