សេចក្តីប្រកាសព័ត៌មាន លេខ ០០៥ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គឺជាលើកទី៤ នៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលដំណើរការនេះត្រូវធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាព ដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។ បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ គឺជាលើកទី៤ នៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។ 

ឯកឧត្តមបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងរំលឹក និងផ្តល់ជូនបន្ថែមនូវការយល់ដឹងឱ្យកាន់តែច្បាស់លាស់ អំពីនីតិវិធីនៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេសគឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ គោលការណ៍សំខាន់ៗនៃបទបញ្ជា និងនីតិវិធីសម្រាប់អនុវត្តការងារមួយចំនួន នឹងត្រូវធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្រ្តីជំនាញរបស់ គ.ជ.ប ដែលផ្តោតសំខាន់លើប្រធានបទ ដូចខាងក្រោម៖

  • បទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
  • តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត 
  • ដំណើរប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
  • នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងលិខិតបញ្ជាក់ទីលំនៅ
  • ការប្រើប្រាស់កម្មវិធី និងនីតិវិធីអនុវត្តការចុះឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យអ្នកសុំចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
  • នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកចូលរួមជាគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប សរុបចំនួន ៨០នាក់។

សូមជម្រាបជូនថា គ.ជ.ប ក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ សម្រាប់មន្ត្រី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore