អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធី និងសេចក្តីណែនាំរួមរវាង គ.ជ.ប និងក្រសួងមហាផ្ទៃ គ.ជ.ប ត្រូវអនុវត្តការងាររៀបចំត្រៀមសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដែលការងារនេះ ផ្តោតសំខាន់លើការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ ការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត សម្រាប់ គ.ជ.ប ប្រើប្រាស់ជាមូលដ្ឋានក្នុងការត្រៀមរៀបចំបញ្ជីបោះឆ្នោត។ ក្នុងការអនុវត្តការងារនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ត្រូវមានភារកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ សង្កាត់ ពិសេសស្មៀន និងមេឃុំ ចៅសង្កាត់ និងដោយមានការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។
ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមថា តាមប្រតិទិន និងផែនការមេ គិតត្រឹមដើមខែមីនានេះ អាជ្ញាធរឃុំ សង្កាត់ និង លធ.ខប បានបញ្ជូនទិន្នន័យស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ក្នុងរាជធានី ខេត្តមកដល់ គ.ជ.ប រួចរាល់ហើយ។ អង្គភាពជំនាញកំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបតួលេខបញ្ចូលក្នុងបញ្ជីទីតាំងការិយាល័យបោះឆ្នោត ត្រៀមរៀបចំដាក់ជូន គ.ជ.ប ពិនិត្យសម្រេច និងប្រកាសផ្សាយជូនដល់ភាគីពាក់ព័ន្ធ ឱ្យបានមុនដំណើរការអនុវត្តជាក់ស្តែង។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ដោយមានការចូលរួមពីមន្ត្រីលធ.ខប ចំនួន ៧៤នាក់ គណបក្សនយោបាយចំនួន ១៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៤ សរុប ១៣០នាក់។ គោលបំណងសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងបន្ថែមឱ្យកាន់តែស៊ីជម្រៅលើការងារចុះឈ្មោះបោះឆ្នោតទាំងទ្រឹស្តី និងទាំងការអនុវត្ត ជូនដល់មន្ត្រីចុះឈ្មោះបោះឆ្នោតទាំងថ្នាក់ គ.ជ.ប ថ្នាក់រាជធានី ខេត្ត ថ្នាក់ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមស្វែងយល់ និងសហការអនុវត្តតាមតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានរំលឹកថា ប្រទេសយើងអនុវត្តប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ និងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ ដូចនេះហើយទើបច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត តម្រូវឱ្យ គ.ជ.ប ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធានាឱ្យមានបញ្ជីបោះឆ្នោតមួយដែលមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាព សម្រាប់ប្រើប្រាស់តាមតម្រូវការនៃច្បាប់។ ការចុះឈ្មោះបោះឆ្នោត មានតួនាទីសំខាន់ណាស់ក្នុងការរៀបចំការបោះឆ្នោតដែលប្រើប្រាស់បញ្ជីបោះឆ្នោត។ ការប្រើប្រាស់បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕