គ.ជ.ប បានទទួលរួចហើយនូវរបាយការណ៍ ស្តីពី “សវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០១៩” របស់អង្គការ COMFREL ដែលបានលើកឡើងថា “ តាមរយៈការសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មលើបញ្ជីបោះឆ្នោតឆ្នាំ២០១៩ នេះ COMFREL បានរកឃើញថាគុណភាពនៃបញ្ជីបោះឆ្នោតចាប់តាំងពីមានការកែទម្រង់បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឡើងវិញក្នុងឆ្នាំ២០១៦ មកដល់ឆ្នាំ២០១៩ នៅតែមានភាពល្អប្រសើរ...” ។លើសពីនេះ COMFREL បានរកឃើញថា ៩៩.៧% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាននៅទីតាំងដូចគ្នានឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។
គ.ជ.ប សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយសម្រាប់ គ.ជ.ប យកទៅធ្វើជាមូលដ្ឋានក្នុងសិក្សា និងស្រាវជ្រាវ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ គ.ជ.ប បានចាត់តាំងក្រុមការងារបច្ចេកទេសដឹកនាំដោយ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដើម្បីជួបពិភាក្សាគ្នា ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចេញលិខិតឆ្លើយតប បំភ្លឺទៅលើចំណុចទាំងឡាយដែល COMFREL បានរកឃើញ ក៏ដូចជាក្នុងខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ COMFREL ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដូចមានជាអាទិ៍ ៖
- អំពីករណីឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោត ករណីឈ្មោះស្ទួន ចំនួន ៤៤ ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ក្រុមការងារបច្ចេកទេសនៃ គ.ជ.ប បានទទួលស្គាល់ថាពិតជាមានមែន ប៉ុន្តែឈ្មោះស្ទួននេះគឺបណ្តាលមកពី៖
- ការច្រឡំឯកសារ
- លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដូចគ្នា តែខុសប្រភេទ
- មនុស្សផ្សេងគ្នា និងប្រភេទឯកសារផ្សេងគ្នា តែទិន្នន័យតែមួយ
- បងប្អូនភ្លោះមានលេខ អ.ខ ដូចគ្នា តែប្រភេទខុសគ្នា ។
- ចំពោះករណីនេះ គ.ជ.ប នឹងខិតខំធ្វើការកែតម្រូវក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នាខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។អំពីករណីស្ទួនលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងបញ្ជីបោះឆ្នោត អង្គការ COMFREL បានរកឃើញមានចំនួន ២៦,១៦០ ឈ្មោះ ដោយសារមិនគិតលក្ខខណ្ឌប្រភេទ អ.ខ ឬ ឯ.អ ប៉ុន្តែតាមរយៈការរកឃើញរបស់ គ.ជ.ប ប្រសិនបើមិនគិតលក្ខខណ្ឌប្រភេទ អ.ខ ឬ ឯ.អ មានចំនួនតែ ២៥,៥៣៣ ឈ្មោះប៉ុណ្ណោះ ។ ប្រសិនបើប្រៀបធៀបតាមប្រភេទឯកសារដែលមានដូចជា អ.ខ ប្រភេទ១ ប្រភេទ២ ប្រភេទ៣ និង ឯ.អ គឺឃើញថាមានចំនួនតែ ៥,១៣៨ ឈ្មោះប៉ុណ្ណោះ ហើយក្នុងនោះមាន ២,៥៤៣ ឈ្មោះគឺជាឈ្មោះដែលមានទិន្នន័យត្រឹមត្រូវ រីឯចំនួន ២,៥៨៤ ឈ្មោះទៀត គឺជាកំហុសបច្ចេកទេស និង ១១ ឈ្មោះប៉ុណ្ណោះ គឺជាឈ្មោះស្ទួន ។ ដូច្នេះមានន័យថា ចំនួនឈ្មោះ ២៦,១៦០ ដែល COMFREL បានរកឃើញពាក់ព័ន្ធនឹង អ.ខ ឬ ឯ.អ គឺមានឈ្មោះស្ទួនតែ ១១ ឈ្មោះប៉ុណ្ណោះ ។
- អំពីករណីបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ចំពោះការទាមទាររបស់ COMFREL នេះ គ.ជ.ប ធ្លាប់បានបំភ្លឺជាច្រើនលើកច្រើនសាររួចមកហើយថា គ.ជ.ប មិនអាចធ្វើបានទេ ដោយសារច្បាប់មិនអនុញ្ញាតដូចមានចែងក្នុងមាត្រា ៥០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺ “គ.ជ.ប ត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបំពេញតួនាទីជាតំណាងរបស់ខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោតសម្រាប់ ឃុំ សង្កាត់” ។ ជាងនេះទៀត មាត្រា៥១ នៃច្បាប់នេះបានចែងថា "ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីកន្លែងណាមួយក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅតាមការកំណត់របស់ គ.ជ.ប " ។ នៅក្រៅប្រទេស ព្រះរាជាណាចក្រកម្ពុជា មិនមានក្រុមប្រឹក្សាឃុំ សង្កាត់ទេ ។ ដោយឡែក ករណីដែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយ គ.ជ.ប មានសមត្ថកិច្ចត្រឹមតែធ្វើរបាយការណ៍ជូនរដ្ឋសភាប៉ុណ្ណោះ ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា" ។
- អំពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានប្រចាំឆ្នាំ ដើម្បីធានាឱ្យស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់រៀបចំផែនការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ទទួលបានលទ្ធផលល្អ មានភាពត្រឹមត្រូវ សុក្រឹតភាព និងមានគណនេយ្យភាព គ.ជ.ប បានចាត់វិធានការយ៉ាងហ្មត់ចត់ តាមរយៈការដាក់ចេញនូវសេចក្តីណែនាំលេខ ០០១ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ។ ក្នុងការអនុវត្តការងារនេះ គ.ជ.ប បានកំណត់មុខសញ្ញាមេភូមិជាប្រតិបត្តិករដំបូង ក្នុងការស្រង់ស្ថិតិសមាជិកក្នុងភូមិរបស់ខ្លួន ដើម្បីបញ្ជូនទៅក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើការបូកសរុប ដោយផ្ទៀងផ្ទាត់ជាមួយស្ថិតិរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បន្ទាប់មកបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិតាមរាជធានី ខេត្តនីមួយៗ មុននឹងបញ្ជូនមក គ.ជ.ប។
ទោះក្នុងតម្លៃណាក៏ដោយ គ.ជ.ប ត្រូវគោរពគោលការណ៍របស់ខ្លួនឱ្យខាងតែបាន គឺប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបន្តធ្វើយ៉ាងណាឱ្យគុណភាពនៃបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ៕