បន្ទាប់ពីបានចុះពង្រឹងការងារដោយផ្ទាល់ នៅតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (លខប) ចំនួន ៨ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តការងារនេះ នៅខេត្តចំនួន ៩ ទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ខេត្តទាំងនោះរួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ការចុះពង្រឹងបន្ថែម លធ.ខប គឺជាការពង្រឹងកោសិកានៃការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។
ខេត្តដំបូងនៃយុទ្ធនាការចុះតាមបណ្តាខេត្តជាលើកទី២ របស់ឯកឧត្តមប្រធាននៅពេលនេះ គឺផ្តើមចេញពីខេត្តព្រះវិហារ។
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការរបស់ លខប ព្រះវិហារ ដែលស្ថិតនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ លោក ជោ ម៉ាប់ ប្រធាន លខប ព្រះវិហារ បានរាយការណ៍ជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន ៥៦.៣៣១ គ្រួសារ ស្មើនឹង ២៤៨.៣៤០ នាក់ និងមានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០២០ មានចំនួន ៦.៨៤១ នាក់។ បើតាមលោក ជោ ម៉ាប់ ថ្នាក់ដឹកនាំ លខប បានធ្វើសេចក្តីណែនាំដល់គ្រប់រដ្ឋបាលឃុំ សង្កាត់ទាំង ៥១ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋរៀងរាល់ពីរខែម្តង និងបានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានគ្រប់ ក្រុង ស្រុកទាំង៨ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ព្រមទាំងបានសហការជាមួយអនុគណៈកម្មការជ្រើសរើសថ្នាក់ជាតិ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីចូលមកបម្រើការងារនៅ លខប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងមានចំនួនសរុប ១៤៩.១៨៩ នាក់ ក្នុងនោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមានចំនួន ១៦.៩០៦ នាក់។ លខប ក៏បានឱ្យដឹងដែរថា នឹងត្រៀមលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតចុងក្រោយចំនួន ១.៩៥៧ នាក់។
សូមជម្រាបជូនថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ សរុបចំនួន ១២៨.៣១៧នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៤៣ ការិយាល័យ។
ក្រោយពីបានស្តាប់របាយការណ៍របស់ លខប ខេត្ត ឯកឧត្តមប្រធាន គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លខប ព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយមានការសហការល្អជាមួយភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាននឹងខិតខំដោះស្រាយនៅថ្នាក់ជាតិចំពោះការលំបាកដែល លខប បានជួបប្រទះ ក្នុងន័យពង្រឹងកោសិកានៃការបោះឆ្នោតនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្តមប្រធាន ក៏បានបង្ហាញនូវកងចក្ររង្វង់មូលនៃការបោះឆ្នោត ឬវដ្តនៃការបោះឆ្នោត ជាបីដំណាក់កាល ដែលឯកឧត្តមប្រធានបានព្រាងដោយខ្លួនឯងផ្ទាល់៖
- ដំណាក់កាលមុនការបោះឆ្នោត
- ដំណាក់កាលបោះឆ្នោត
- ដំណាក់កាលក្រោយការបោះឆ្នោត
ដំណាក់កាលនីមួយៗនេះ នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ភាគីសំខាន់ៗដែលពាក់ព័ន្ធជាមួយការបោះឆ្នោតមានចំនួន ១១ ដូចជា៖
- អ្នកបោះឆ្នោត
- គណបក្សនយោបាយ និងបេក្ខជន
- រដ្ឋសភា
- អាជ្ញាធរដែនដី
- អង្គភាពដោះស្រាយវិវាទការបោះឆ្នោត
- អង្គការសង្គមស៊ីវិល
- ស្ថាប័នតុលាការ
- ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
- សហគមន៍ផ្តល់ជំនួយ និងភ្នាក់ងារជំនួយអន្តរជាតិ
- អ្នកត្រួតពិនិត្យការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
- មន្ត្រីរៀបចំការបោះឆ្នោត។
ការផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងការងាររបស់មន្ត្រីដែលធ្លាប់មានបទពិសោធន៍ការងារ ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានជ្រើសរើសរួចហើយ ដើម្បីបំពេញភារកិច្ចក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ខាងមុខនេះ។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប្រធាននឹងបន្តជួបផ្ទាល់មន្ត្រីនៅ លខប ស្ទឹងត្រែង៕