សេចក្តីជូនដំណឹង លេខ ០២២ ៖ គ.ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោត ពីចម្ងាយ (អនឡាញ) លើកដំបូង

ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទ១ និងប្រភេទ២អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បានផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ 

ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ 

អ្នកមានឈ្មោះ និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរ អ.ខ ប្រភេទថ្មីរបស់ខ្លួនតាមអនឡាញ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកមានឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ខុសគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ត្រូវទៅជួបជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យដូចគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន ជាពិសេសអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលប្រើប្រាស់ អ.ខ អស់សុពលភាព ឬ ឯ.អ ដើម្បីចុះឈ្មោះបោះឆ្នោត ជ្រាបជាព័ត៌មាន៕

 

ទាញយកកម្មវិធី(App) CamNEC News