សេចក្តីប្រកាសព័ត៌មាន លេខ ០២៥ ៖ ឯកឧត្តមប្រធាន គ.ជ.ប "មន្ត្រីបោះឆ្នោតត្រូវបម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើង"

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប មានការចូលរួមយ៉ាងផុលផុសពីភាគីពាក់ព័ន្ធ ដែលរួមមាន៖

១.តំណាងគណបក្សនយោបាយ ចំនួន ១៦ គណបក្ស

២.តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២១ អង្គការ

៣.តំណាងអ្នកសារព័ត៌មាន ចំនួន ៩ អង្គភាព

៤.តំណាងក្រសួង-ស្ថាប័ន ចំនួន ៥ ក្រសួង-ស្ថាប័ន។

ក្រោមការដឹកនាំកិច្ចប្រជុំរបស់ឯកឧត្តមប្រធាន គ.ជ.ប នាឱកាសនេះ មានអង្គការនិកហ្វិច និងតំណាងគណបក្សនយោបាយចំនួន ៤ ដូចជាគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សប្រជាជនកម្ពុជា  បានលើកឡើងនូវសំណូមពរ និងសំណួរមួយចំនួនពាក់ព័ន្ធ៖

១.ការផ្សព្វផ្សាយ និងចេញលិខិតទៅប្រជាពលរដ្ឋមានការរើសអើង

២.ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាព

៣.ជនបរទេសធ្វើអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបោះឆ្នោត តើពលរដ្ឋដែលដឹងមានសិទ្ធិប្ដឹងដែរ ឬទេ? 

៤.ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដែលបានធ្វើនៅអំឡុងខែឧសភា ឆ្នាំ២០២០ ហើយត្រូវបាន គ.ជ.ប ពន្យារពេលមកធ្វើនៅខែតុលា វិញ តើលិខិតគតិយុត្តទាំងនោះនៅមានសុពលភាព ឬទេ?

ឆ្លើយតបទៅនឹងចំណុចទី១ របស់តំណាងគណបក្សនយោបាយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា “គ.ជ.ប តែងតែណែនាំឱ្យមន្ត្រីបោះឆ្នោតបម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើង ហើយក្នុងនាមឯកឧត្តមប្រធានផ្ទាល់ ក៏មិនដែលចាត់ទុកខ្មែរណាជាសត្រូវដែរ។ មតិគេល្អ ត្រឹមត្រូវ និងជឿនលឿន គឺយើងត្រូវតែទទួលយក ហើយយើងគោរពមតិគ្នាទៅវិញទៅមក កុំឱ្យតែមតិហ្នឹងជាមតិបំផ្លាញ បំផ្លើស បំភ្លៃ ហ្នឹងគឺមិនអាចទទួលយកបានទេ!”។ 

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ឆ្លើយតបនឹងចំណុចទី២ ជុំវិញកង្វល់របស់តំណាងគណបក្សនយោបាយ អំពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពថា ជាកង្វល់របស់ គ.ជ.ប និងក្រសួងមហាផ្ទៃ។ គ.ជ.ប និងក្រសួងមហាផ្ទៃ បានឯកភាពគ្នាជាគោលការណ៍មួយ គឺផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ជាមួយនឹងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយនៅខែសីហា កន្លងមកនេះ គ.ជ.ប បានផ្ដល់ទិន្នន័យជាបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប្រើប្រាស់ឯកសារអស់សុពលភាព ទៅខាងក្រសួងមហាផ្ទៃ។

ចំពោះសំណួរទី៣ ខាងលើ ជុំវិញបញ្ហាជនបរទេសកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណបោះឆ្នោត ឯកឧត្តម ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រសិនបើជនបរទេសដែលគាត់ចូលជាសញ្ជាតិខ្មែរ គឺគាត់មានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសិទ្ធិគ្រប់គ្រងអចលនវត្ថុ និងមានសិទ្ធិដូចខ្មែរទូទៅដែរ។ មុននឹងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ ដូចជាសំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅជាដើម។ ដូចនេះ ប្រសិនបើមានភាគីណាមួយរកឃើញ ឬសង្ស័យថា ជនបរទេសនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមទាក់ទងទៅឯកឧត្តម តាមរយៈលេខទូរសព្ទផ្ទាល់ខ្លួន ០១២ ២៥៨ ៨៥៨ ហើយឯកឧត្តមបានស្វាគមន៍ចំពោះការលើកឡើងនានាពីគ្រប់ភាគីទាំងអស់ ទាក់ទងនឹងការធ្វើ ឬផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ 

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ បានផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ជាង ១០លានប័ណ្ណ ហើយនឹងបន្តផ្ដល់ជូនប្រជាពលរដ្ឋជាង ៥ពាន់នាក់បន្ថែមទៀត។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺធ្វើជារៀងរាល់ថ្ងៃ គ្មានថ្ងៃឈប់សម្រាកទេ ហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏មានគេហទំព័រផ្ទាល់ខ្លួន www.news.gdi.gov.kh ដែលអាចធ្វើការផ្ញើសារទាក់ទងនឹងកង្វល់ផ្សេងៗបានផងដែរ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឆ្លើយតបទៅនឹងសំណួរទី៤ ជារួម ជុំវិញពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយថា គ.ជ.ប ដូរតែកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ ប៉ុន្តែឯកសារគតិយុត្តដែលពាក់ព័ន្ធទៅនឹងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ យើងនៅរក្សាដដែល ដូចនេះលិខិតផ្ទេរសិទ្ធិរបស់គណបក្សទៅថ្នាក់ក្រោម នៅតែមានសុពលភាព។

មុននឹងបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ឯកឧត្តម  ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា “ទាក់ទងនឹងការបោះឆ្នោត ជោគជ័យ របស់ គ.ជ.ប គឺ គ.ជ.ប មិនមែនធ្វើការតែម្នាក់ឯងទេ រឿងនេះជារឿងយើងធ្វើជាមួយគ្នា ព្រោះ គ.ជ.ប ធ្វើការជាមួយភាគីពាក់ព័ន្ធទាំង ១១។ ហេតុនេះហើយ បានជាគ្រប់ដំណាក់កាលទាំងអស់ គ.ជ.ប តែងតែពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ”៕

 

ទាញយកកម្មវិធី(App) CamNEC News