សេចក្តីប្រកាសព័ត៌មាន លេខ ០២៧ ៖ ការកែទម្រង់ការបោះឆ្នោត គឺការធ្វើឱ្យកាន់តែល្អប្រសើរដល់ដំណើរការបោះឆ្នោត

បន្ទាប់ពីបានចុះពង្រឹងការងារដោយផ្ទាល់នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត បានបន្តចុះពង្រឹងកោសិកានៃការបោះឆ្នោតថ្នាក់មូលដ្ឋាន នៅខេត្តចំនួន ៦ទៀត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

ខេត្តទាំងនោះរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ ខេត្តដំបូងនៃយុទ្ធនាការចុះតាមបណ្ដាខេត្តជាលើកទីបី របស់ឯកឧត្តមប្រធាន នៅពេលនេះ គឺផ្ដើមចេញពីខេត្តកំពង់ស្ពឺ។ 

នៅក្នុងពិធីសំណេះសំណាលនៃអគារលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន លោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ស្ពឺ បានឡើងថ្លែងមតិស្វាគមន៍ និងរាយការណ៍ជុំវិញស្ថិតិប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ៥៦៦.៩៦៩ (ប្រាំរយហុកសិបប្រាំមួយពាន់ ប្រាំបួនរយហុកសិបប្រាំបួន) នាក់ និងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៥២៣.៣៣៣ (ប្រាំរយម្ភៃបីពាន់ បីរយសាមសិបបី) នាក់ និងប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ២០.០២៩ (ម្ភៃពាន់ ម្ភៃប្រាំបួន) នាក់។

លោកបន្តថា កន្លងមក ល.ខ.ប កំពង់ស្ពឺ បានសហការយ៉ាងល្អជាមួយអាជ្ញាធរនៅក្នុងមូលដ្ឋាន។ ល.ខ.ប កំពង់ស្ពឺ ក៏បានកែប្រែជញ្ជាំងនៃលេខាធិការដ្ឋានឱ្យក្លាយទៅជាជញ្ជាំងដែលចេះនិយាយទាក់ទងនឹងការងារបោះឆ្នោត ដើម្បីជាផ្នែកមួយក្នុងការឆ្លើយតបក្នុងភាពជាអ្នកបម្រើសេវាបោះឆ្នោតជូន

អ្នកបោះឆ្នោត។ ល.ខ.ប កំពង់ស្ពឺ បានផ្លាស់ប្ដូរពីការិយាល័យគ្មានអគារ ទៅកាន់អគាររោងបុណ្យភូមិ សាលារៀន វត្តអារាម និងអគារផ្សេងៗចំនួន ១៩ការិយាល័យ។ 

ទាក់ទងនឹងបញ្ហាប្រឈមវិញ ល.ខ.ប កំពង់ស្ពឺ ពុំទាន់មានឃ្លាំងសម្រាប់ប្រើប្រាស់ទុកដាក់សម្ភារៈ និងខ្វះខាតមន្ត្រីសម្រាប់បំពេញការងារអចិន្ត្រៃយ៍ ជាពិសេសសមាជិកប្រតិបត្តិការ និងសមាជិកហិរញ្ញវត្ថុ។ ចំពោះសំណូមពរវិញ ល.ខ.ប កំពង់ស្ពឺ បានស្នើសុំកញ្ចប់ថវិកា ដើម្បី ល.ខ.ប មានលទ្ធភាព ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សតាមសាលាអនុវិទ្យាល័យនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីឱ្យសិស្សានុសិស្សទាំងនោះបានស្គាល់ និងយល់ច្បាស់ពីវិស័យបោះឆ្នោត និងដើម្បីបណ្ដុះគំនិតឱ្យពួកគេចូលរួមក្នុងការងារបោះឆ្នោត ហើយត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាលើកដំបូងក្នុងជីវិតរបស់ពួកគេ។ សំណូមពរនេះ ក៏ដូចជាសំណូមពរដទៃទៀតដែរ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា នឹងត្រូវដោះស្រាយជារួមនៅថ្នាក់ដឹកនាំកណ្ដាល។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ស្ពឺ និងបានផ្ដល់នូវទស្សនអប់រំជាច្រើនជូនដល់មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ស្ពឺ ដើម្បីជាប្រទីបនៃការដឹកនាំជីវិតឱ្យទទួលបានជោគជ័យ។

ឯកឧត្តមប្រធានបានមានប្រសាសន៍ពីភាពចាំបាច់ដែលត្រូវធ្វើកំណែទម្រង់ថា ដើម្បីឱ្យការបោះឆ្នោតកាន់តែទទួលយកបានទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធអេឡិច-ត្រូនិកនូវ៖

  • ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រោះបទពិសោធន៍កន្លងមកមានបេក្ខជនខ្លះឈរឈ្មោះស្ទួនទៅឱ្យ ២ ឬ ៣ គណបក្សនយោបាយ
  • ការប្រកាសលទ្ធផលនៃការបោះឆ្នោតដែលរួមមាន៖
    • ការទទួល និងការបញ្ជូនលទ្ធផលបោះឆ្នោត
    • ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
    • ការបែងចែកអាសនៈ
    • ការស្រង់បេក្ខជនជាប់ឆ្នោត។

ឯកឧត្តមប្រធានបន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តម ការបោះឆ្នោត គឺគ្មានភាគីណាបដិសេធទេ ជាអាទិ៍ ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។ ចុះបើគ្មានភាគីណាតវ៉ាទេ ហេតុអ្វីបានជាឯកឧត្តមប្រធានត្រូវការធ្វើកំណែទម្រង់បន្តទៀត? ការកែទម្រង់ការបោះឆ្នោតបន្តទៀត គឺដើម្បីធ្វើឱ្យកាន់តែល្អប្រសើរដល់ដំណើរការបោះឆ្នោត ស្របតាមបំណងប្រាថ្នា និងសេចក្ដីសង្ឃឹមរបស់ខ្មែរទូទៅ”។

ឯកឧត្តមប្រធាន បានណែនាំដល់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប កំពង់ស្ពឺ ឱ្យចូលរួមការងារបោះឆ្នោតដោយមិនប្រកាន់បក្ខ មិនប្រកាន់ពួក ធ្វើឱ្យមានយុត្តិធម៌ ហើយមហាជនគេចាប់កំហុស

យើងមិនបានទេ ព្រោះបើយើងមិនធ្វើអំពើអាក្រក់ មហាជនម៉េចមើលឃើញអំពើអាក្រក់របស់យើង ហើយកុំថាលាក់គេជិតណា៎! គេមិនល្ងង់ទេ!។ 

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយ ល.ខ.ប កំពង់ស្ពឺ ឯកឧត្តមប្រធាន គ.ជ.ប បន្តដំណើរទៅជួបជាមួយមន្ត្រី ល.ខ.ប កោះកុង ជាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០៕ 

 

ទាញយកកម្មវិធី(App) CamNEC News