ខេត្តតាកែវ ជាខេត្តចុងក្រោយនៃយុទ្ធនាការចុះតាមបណ្ដាខេត្តរបស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដើម្បីពង្រឹងកោសិកានៃការបោះឆ្នោត នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥។
នៅក្នុងពិធីសំណេះសំណាលជាមួយ ល.ខ.ប តាកែវ នៅអគារ ល.ខ.ប ដែលស្ថិតនៅភូមិឡូរី ឃុំរកាក្នុង ក្រុងដូនកែវ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ហែម បញ្ញា ប្រធាន ល.ខ.ប បានមានប្រសាសន៍ថា ខេត្តតាកែវ មានចំនួនប្រជាពលរដ្ឋសរុប ១.០២៦.២០១ (មួយលានម្ភៃប្រាំមួយពាន់ ពីររយមួយ) នាក់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៦០៥.០៥៩ (ប្រាំមួយរយប្រាំពាន់ ហាសិបប្រាំបួន) នាក់ ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨១៦ (ប្រាំពាន់ ប្រាំបីរយដប់ប្រាំមួយ) នាក់ ផែនការចុះឈ្មោះបោះឆ្នោតមានចំនួន ១៦.៤១២ (ដប់ប្រាំមួយពាន់ បួនរយដប់ពីរ) នាក់ ហើយ ល.ខ.ប បង្កើតការិយាល័យបោះឆ្នោតថ្មី ចំនួន ៥ការិយាល័យ សរុបចំនួន ១.៥៦១ (មួយពាន់ ប្រាំរយហុបសិបមួយ) ការិយាល័យ។
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ល.ខ.ប បានធ្វើការបិទផ្សាយសេចក្ដីជូនដំណឹងដល់បេក្ខជន បេក្ខនារីដែលបានជាប់ការសម្រាំងពាក្យក្រុមចុះឈ្មោះបោះឆ្នោត និងត្រៀមមកប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅតាមមណ្ឌលប្រឡងប្រមូលផ្ដុំក្រុង ស្រុក ទាំង ១០ ដើម្បីត្រៀមប្រឡងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ល.ខ.ប បានទទួលលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ១ និងប្រភេទ២ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ពីនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។ ដើម្បីបម្រើម្ចាស់ឆ្នោតពីចម្ងាយ ទាក់ទងនឹងឯកសារចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប បានបង្កើតកម្មវិធីប្ដូរឯកសារចុះឈ្មោះបោះឆ្នោតដែលផុតសុពលភាពពីចម្ងាយ ឬអនឡាញ (Online) សម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ តាមគេហទំព័រ voterlist.nec.gov.kh។
ល.ខ.ប តាកែវ បានត្រៀមបែងចែក និងដឹកជញ្ជូនសម្ភារៈ ឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដល់ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ។ ល.ខ.ប មានការសហការយ៉ាងល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ។ កន្លងមក ល.ខ.ប បានប្រជុំផ្សព្វផ្សាយអំពីនីតិវិធីនៃការធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដល់អភិបាលខេត្ត និងអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ នៅតាមរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ត។
ល.ខ.ប តាកែវ បានបើកវគ្គបណ្ដុះបណ្ដាលជូនមន្ត្រី ល.ខ.ប អាជ្ញាធរខេត្ត កងកម្លាំងទាំង ៣ រួមមាន នគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅ ល.ខ.ប។
លោកស្រីប្រធាន ល.ខ.ប ក៏គ្រោងរៀបចំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការងារបោះឆ្នោតឱ្យកាន់តែមានភាពទូលំទូលាយដល់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅនៅតាមបណ្ដាវិទ្យាល័យ សាកលវិទ្យាល័យ និងតាមទីប្រមូលផ្ដុំក្នុងឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើ គ.ជ.ប។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកោតសរសើរចំពោះ ល.ខ.ប តាកែវ ដែលបានបំពេញការងារបានយ៉ាងល្អ និងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។
ឯកឧត្តមប្រធានក៏បានមានប្រសាសន៍ថា ហេតុអ្វីបានជាឯកឧត្តមត្រូវចុះទូទាំងប្រទេស? “ខ្ញុំចុះមកធ្វើការកែទម្រង់នេះ គឺខ្ញុំត្រូវស្វែងយល់ឱ្យឃើញថា តើគេកំពុងតែត្រូវការអ្វីនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតនេះ? ធ្វើម៉េចឱ្យមានប្រក្រតីភាពនៃការបោះឆ្នោត? ការងារបច្ចេកទេសយ៉ាងម៉េច? ហើយតើត្រូវប្រយ័ត្នប្រយែងយ៉ាងម៉េចខ្លះ បើទោះបីយើងធ្វើបានហើយ ប៉ុន្តែចំណុចដែលនៅសេសសល់គឺត្រូវការជួយពីថ្នាក់កណ្ដាល ម្ល៉ោះហើយ ថ្នាក់ក្រោមនេះគឺត្រូវខិតខំធ្វើឱ្យបាន ធ្វើម៉េចឱ្យការបោះឆ្នោតនៅពេលដែលចប់ទៅ មានសន្តិភាព និងស្ថិរភាពស្រុកទេស”។
ការចុះមកជួបជាមួយមន្ត្រីបោះឆ្នោតផ្ទាល់នេះ ឯកឧត្តមប្រធានតែងតែផ្ដល់សៀវភៅដែលចងក្រងប្រសាសន៍ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងពិធីបញ្ជ្រាបការយល់ដឹងពីការបោះឆ្នោត នៅទាំង ៥ភូមិភាគ។ ការចងក្រងនេះគឺ “កិច្ចសន្យាមួយដែលខ្ញុំត្រូវធ្វើតាមអ្វីដែលមាននៅក្នុងចក្ខុវិស័យរបស់ខ្ញុំ ក្នុងសៀវភៅដែលខ្ញុំបានចែកជូនជាពិសេសនាឱកាសផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ថ្មីៗនេះ ដែលមានអ្នកចូលរួមជាភាគីពាក់ព័ន្ធ រួមមានតំណាងគណបក្សនយោបាយ ចំនួន ១៦ តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២១ តំណាងអ្នកសារព័ត៌មានចំនួន ៩អង្គភាព និងតំណាងក្រសួងស្ថាប័ន ចំនួន ៥។ ខ្ញុំហ៊ានថា ខ្ញុំហ៊ានធ្វើ ហើយធ្វើឱ្យបានល្អក្នុងនាមជាខ្មែរ ដើម្បីស្ថិរភាពស្រុកទេសរបស់ខ្ញុំ បន្ទាប់ពីការបោះឆ្នោតដែលត្រូវទទួលស្គាល់ពីគ្រប់ភាគី”។
ជាទីបញ្ចប់នៃដំណើរទស្សនកិច្ចស្វែងយល់នេះ ឯកឧត្តមប្រធានបានលើកទ្រឹស្តីរបស់លោក សាមុយអែល ស្មាយ (Samuel Smiles) ជាជនជាតិអេកូស្សេ ដែលងាយចាំ ៥យ៉ាង ការគិតនាំឱ្យចេញជាសកម្មភាព សកម្មភាពច្រើនដងចេញជាទម្លាប់ ទម្លាប់ច្រើនដងចេញជាអត្តចរិត អត្តចរិតចេញជាជោគវាសនា ហើយក្នុងន័យនេះ ឯកឧត្តមទាញជាហេតុផលថា “ខ្ញុំចុះមកនេះ ខ្ញុំមិនមែនមកបោកប្រាស់មន្រ្តី ឬនរណាឱ្យដើរផ្លូវខុសទេ ហើយភាពជោគជ័យរាល់កិច្ចការទាំងឡាយ ទាំងពួង គឺស្ថិតនៅលើមេដឹកនាំ បើមេដឹកនាំល្អ គឺល្អហើយ ហើយមេដឹកនាំអាក្រក់ដូច ប៉ុល ពត នឹងនាំគ្រោះថ្នាក់ដល់ជាតិ និងមាតុភូមិ ដូច្នេះខ្ញុំជាមេ ជាប្រធាន គ.ជ.ប ខ្ញុំត្រូវដឹកនាំ គ.ជ.ប ឱ្យបានល្អ មានន័យថាគំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ”។
យុទ្ធនាការចុះពង្រឹងកោសិកានៃការបោះឆ្នោត នៅភូមិភាគទាំង ៥ នៃរាជធានី ខេត្ត ទាំង ២៥ របស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ចប់ដោយជោគជ័យ ហើយមន្ត្រី លធ.ខប ទាំងអស់ បានទទួលនូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត និងចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួនឱ្យរីកចម្រើន និងទទួលជោគជ័យនៅក្នុងជីវិតទៀតផង។
មន្ត្រីបោះឆ្នោតទាំងអស់ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕