សេចក្តីប្រកាសព័ត៌មាន លេខ ០៣៤ ៖ គ.ជ.ប រៀបចំការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីបម្រើការងារនៅតាមសាលាឃុំ សង្កាត់ ១.៦៤៦ នៅទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន  ៣.២៩២ រូប នៅទូទាំងប្រទេស ដើម្បីបម្រើការងារនៅតាមសាលាឃុំ សង្កាត់ ទាំង ១.៦៤៦  សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ដើម្បីឱ្យការប្រឡងនេះប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌ តម្លាភាព និងសុចរិតភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.ប ទាំង ៩ រូប និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ២៥ រូប ចុះទៅសម្របសម្រួល និងត្រួតពិនិត្យការប្រឡងតាមបណ្តារាជធានី ខេត្ត ទាំង ២៥។ 

មុខតំណែងដែលត្រូវជ្រើសរើស រួមមាន៖

  • ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ក្នុងមួយឃុំ សង្កាត់  ចំនួន ១ រូប
  • សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប

ការប្រឡងមុខតំណែងទាំងពីរមានវិញ្ញាសាខុសគ្នា៖ 

  • មុខតំណែងប្រធាន ក.ច.ប ត្រូវធ្វើការប្រឡងសំណួរពហុចម្លើយជ្រើសរើស (QCM) 
  • មុខតំណែងសមាជិក ក.ច.ប ជាការីកុំព្យូទ័រ ត្រូវប្រឡងតាមរយៈការធ្វើតេស្តកុំព្យូទ័រ

ការប្រឡងជ្រើសរើសនេះ ប្រព្រឹត្តទៅព្រមៗគ្នានៅទូទាំងប្រទេស ហើយលទ្ធផលនៃការជ្រើស-រើសនឹងបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ក្នុងរាជធានី ខេត្ត នីមួយៗ នាពេលឆាប់ៗខាងមុខនេះ។ 

ចំពោះអ្នកដែលប្រឡងជាប់ ត្រូវចាប់ផ្តើមចូលបម្រើការងារពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយត្រូវតែបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕

 

ទាញយកកម្មវិធី(App) CamNEC News