ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមច្រានចោលចំពោះការចោទប្រកាន់តាមបែបការធ្វើបុរេវិនិច្ឆ័យដោយគ្មានមូលដ្ឋានមកលើមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ដោយតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នាកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ និងការផ្សាយផ្ទាល់រយៈពេលប្រមាណជា ៣ម៉ោង របស់ LDP តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន “League for Democracy Party” នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ការនិយាយសម្ដីអសុរោះរបស់តំណាងគណបក្ស LDP ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ និង គ.ជ.ប ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលនាំឱ្យមានការភាន់ច្រឡំបាត់ទំនុកចិត្តលើការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ)។
គ.ជ.ប បានចាត់វិធានការសមស្រប និងណែនាំដល់មន្ត្រី លធ.ខប រួចហើយចំពោះការងារពាក់ព័ន្ធ ដើម្បីពង្រឹងការងារស្របតាមបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ៕