ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ការចុះឈ្មោះបោះឆ្នោត ត្រូវប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ។ សកម្មភាពនេះបាន និងកំពុងដំណើរការនៅតាមឃុំ សង្កាត់ទាំង ១,៦៤៦ ទូទាំងប្រទេស ស្របតាមប្រតិទិនការងាររបស់ គ.ជ.ប ។
ដើម្បីធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការជូនដំណឹងដល់ភាគីពាក់ព័ន្ធទាំងអស់ នូវកត្តាចាំបាច់មួយចំនួនដូចខាងក្រោម ៖
- ប្រការដែលត្រូវអនុវត្តៈ
- ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត និងនៅបរិវេណ ខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រង និងការណែនាំរបស់ គ.ជ.ប ឬ លធ.ខប ឬ កបឃ.ស ឬ/និង ក.ច.ប ស្របតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។
- ប្រការដែលត្រូវហាមឃាត់ៈ
- ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។
- ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ។
- ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្រ្តីចុះឈ្មោះបោះឆ្នោត ។
- ធ្វើឱ្យខូចរបៀបរៀបរយក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ។
- ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំងសកម្មភាពជាប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។
- ប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្ស នយោបាយ ឬភ្នាក់ងារនៃគណបក្សនយោបាយដទៃទៀត ។
- និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យប្រមាថ មាក់ងាយទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសុំចុះឈ្មោះបោះឆ្នោត ឬមន្ត្រីចុះឈ្មោះបោះឆ្នោត ។
- ញុះញង់ឱ្យមានការរើសអើងប្រកាន់បក្ខពួក ជាតិសាសន៍ ភេទ ឋានៈក្នុងសង្គម សាសនា និងតាមគ្រប់រូបភាពទាំងអស់ ។
ការប្រព្រឹត្តអំពើបំពាននឹងការហាមឃាត់ខាងលើ គឺជាកម្មវត្ថុនៃការពិន័យស្របតាមមាត្រា១៤២ មាត្រា១៥២ និងមាត្រា១៦០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។ ជាងនេះទៀត ត្រូវគោរពតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្រមសីលធម៌ និងសេចក្តីណែនាំផ្សេងៗរបស់ គ.ជ.ប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន ។
ទន្ទឹមនេះ គ.ជ.ប សូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដើម្បីរួមចំណែករៀបចំបញ្ជីបោះឆ្នោតប្រចាំឆ្នាំឱ្យមានគុណភាពខ្ពស់ ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការ និងយកចិត្តទុកដាក់ អនុវត្តតាមឱ្យបានត្រឹមត្រូវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។