ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលទ្ធផលល្អប្រសើរ ដោយមានប្រជាពលរដ្ឋចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០% ដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតលើចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ៣០០.៣៩០នាក់។ ប៉ុន្តែទន្ទឹមនឹងនេះ ការអនុវត្តបទបញ្ជា និងនីតិវិធីនៅមានភាពខ្វះចន្លោះនៅឡើយ។ ក្នុងន័យនេះ អនុវត្តតាមផែនការមេ គ.ជ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលភ្លាម ជូនដល់មន្ត្រីរាជការ គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត” ជូនមន្រ្តីរាជការ គ.ជ.ប ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែល គ.ជ.ប បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ពិសេសថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការរៀបចំ ចាត់ចែងដំណើរការបោះឆ្នោត ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការចូលរួមអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ ឱ្យទទួលបានជោគជ័យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ។
ឯកឧត្តមបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតក្នុងក្របខ័ណ្ឌការងារកែទម្រង់របស់ គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ទៅតាមមុខជំនាញទទួលខុសត្រូវ ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ តាមរយៈការបណ្ដុះបណ្ដាលដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានចំណេះដឹង ជំនាញ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ ។
ទន្ទឹមនឹងនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មន្ត្រីរាជការ គ.ជ.ប ទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារឱ្យកាន់តែល្អប្រសើរ។ ការគ្រប់គ្រងការបោះឆ្នោត គឺជាដំណើរការរៀបចំដែលមានភាពស្មុគស្មាញ ទាមទារឱ្យមានធនធានគ្រប់គ្រាន់ មានមន្ត្រីដែលមានជំនាញបច្ចេកទេសយល់ដឹងច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ក្នុងស្ថាប័នរៀបចំការបោះឆ្នោត ដូចនេះការបណ្ដុះបណ្ដាលអំពីការងារជំនាញដល់មន្ត្រីបោះឆ្នោតនេះ គឺជារឿងចាំបាច់ ដែលខកខានពុំបាន ។
ឯកឧត្តមបានបន្តទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.ប ទាំងអស់ នឹងពិនិត្យមើលឡើងវិញអំពីការធ្វើវិសោធនកម្មបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ ដើម្បីកែសម្រួលមុននឹងឈានទៅដល់ការដាក់ជូនភាគីពាក់ព័ន្ធទាំង ១១ពិនិត្យ និងដើម្បីត្រៀមលក្ខណៈសម្រាប់ការងារនៅឆ្នាំ២០២១ ខាងមុខនេះ។
មុនប្រកាសបើកកម្មវិធី ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ និងសូមបន្តចែករំលែកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ជូនដល់មន្ត្រីរបស់ខ្លួនឱ្យបានយល់ដឹងអំពីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តការងារក្នុងដំណើរការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរ ជាពិសេសត្រូវស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធី សេចក្ដីណែនាំ របស់ គ.ជ.ប បន្ថែមទៀត ដើម្បីជាទុនក្នុងការអនុវត្តការងារក្នុងតួនាទី និងភារកិច្ចរៀងៗខ្លួន ។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានអ្នកចូលរួម ចំនួនប្រមាណជា ១២០នាក់ ដែលជាមន្ត្រីមកពីទីស្ដីការ គ.ជ.ប និង លធ.ខប ទាំង ២៥ រាជធានី ខេត្ត ៕