សេចក្តីប្រកាសព័ត៌មាន លេខ ០៨១ ៖ ថ្ងៃនេះ គ.ជ.ប ប្តឹងឈ្មោះ អ៊ី សាំងឡេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

នៅរសៀលថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ គ.ជ.ប បានដាក់ពាក្យប្តឹងឈ្មោះ អ៊ី សំាងឡេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ មូលហេតុនៃការប្តឹងដោយសារតែឈ្មោះ អ៊ី សំាងឡេង បានបរិហារកេរិ៍្តឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប ថា “ច្បាស់ណាស់ គ.ជ.ប មួយនេះគឺជាចោរ! គឺជាចោរបំផ្លាញជាតិរបស់ពួកយើងដ៏អាក្រក់បំផុត! គឺពួកគេនេះហើយ ជាអ្នកអនុវត្តផែនការចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថាបរទេសនៅតែអាចត្រួតត្រាខ្មែរបាននោះ! ភស្តុតាងនេះវាច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំថាពួកគេគឺជាចោរបែបនេះ ចាំមើលគេមានអ្វីយកមកបដិសេធទៀតមើល!” ។ 

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា “ប្រជាពលរដ្ឋខែ្មរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ”។

កម្មវត្ថុនៃបណ្តឹងគឺស្នើសុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ចំនួន ៣ បទលើ្មស រួមមាន៖

  • បរិហារកេរ្តិ៍ជាសាធារណៈ
  • ជេរប្រមាថជាសាធារណៈ
  • ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

បទលើ្មសខាងលើបានប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធទូរគមនាគមន៍សោតទស្សន៍ ដោយភ្ជាប់ជាមួយសារដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ក៏ដូចជាមកលើការបោះឆ្នោត។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងជាតំណាងឱ្យ គ.ជ.ប នៃបណ្តឹងនេះ បានមានប្រសាសន៍ថាក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់អំពីព្រំដែននៃសិទ្ធិនេះដែរថាមិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់បុគ្គលដទៃ និងសង្គមជាតិ ៖

  • ប៉ះពាល់ដល់បុគ្គលរួមមានការប៉ះពាល់ដល់សិទ្ធិខាងរូបភាព សិទ្ធិលំនៅឋាន និងការបរិហារកេរ្តិ៍ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលដែលបុគ្គលនៅទីនេះរួមមានទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។
  • ការប៉ះពាល់ដល់សង្គមជាតិដូចជា ការប្រើសិទ្ធិនោះនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ឬមានចរិតលក្ខណៈញុះញង់ ដែលនាំឱ្យបាត់បង់នូវសន្តិសុខជាតិ។

ឯកឧត្តមបានបន្តថាការចែកចាយព័ត៌មានឬបញ្ចេញមតិតាមរយៈបណ្តាញសង្គម ដោយធ្វើការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយទុច្ចរិតដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយរួមទាំងការចែកចាយព័ត៌មានមិនពិតដែលមានលក្ខណៈញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គមគឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

 

ទាញយកកម្មវិធី(App) CamNEC News