គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួល ១៣៨ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងចំនួន ២ បណ្តឹង ។ ក្នុងចំណោមបណ្តឹងទាំង ១៣៨ ដែលមាននៅថ្នាក់ កបឃ.ស មានបណ្តឹងចំនួន ៧៣ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប ។ ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹងចំនួន ៧៥ បណ្តឹង។
ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៨ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង និងបណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង) ដែលទទួលបានពី ៖
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១១ បណ្តឹង
- ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង
- សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១ បណ្តឹង
លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងមានដូចខាងក្រោម៖
- សម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន៥ បណ្តឹង
- សម្រេចបដិសេធពាក្យបណ្តឹងចំនួន ១៣០ បណ្តឹង
- ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង
ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប មានចំនួនសរុប ៧៥ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧៣ បណ្តឹង) ៖
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៦៥ បណ្តឹង
- ប្រជាពលរដ្ឋ ចំនួន ១០ បណ្តឹង
ចំពោះពាក្យបណ្តឹងទាំងអស់នេះ គ.ជ.ប កំពុងត្រួតពិនិត្យ និងសម្រេចទៅតាមប្រភេទនៃបណ្តឹង ។
ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមាន ៣ ដំណាក់កាលរួមមាន ៖
- ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បានដោះស្រាយចប់រួចរាល់។
- ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃ យ៉ាងយូរ។
- ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ១០ថ្ងៃ យ៉ាងយូរ ។
តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងរួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕