សេចក្តីប្រកាសព័ត៌មាន លេខ ០៤១ ៖ លទ្ធផលនៃការសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌូនេស៊ី ដោយ គ.ជ.ប កម្ពុជា

តបតាមលិខិតអញ្ជើញជាផ្លូវការរបស់ប្រធាន គ.ជ.ប ឥណ្ឌូនេស៊ី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ១៥រូប ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង អភិបាលរងក្រុង អភិបាលស្រុក និងអភិបាលរងស្រុក តាមតំបន់នៃប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ។

ក្នុងរយៈពេល ២ថ្ងៃ នៃការសង្កេតការណ៍ពីទីស្តីការ គ.ជ.ប កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍ យល់ឃើញថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាឱកាសនៃការសង្កេតមើល និងស្វែងយល់អំពីការអនុវត្តល្អៗក្នុងការបោះឆ្នោតក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍។

ឯកឧត្តមបានបន្តថា គ.ជ.ប ឥណ្ឌូនេស៊ី បានប្រើប្រាស់កម្មវិធីមួយដែលគេឱ្យឈ្មោះថា “SIREKAP”សម្រាប់ធ្វើការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតបានឆាប់រហ័ស។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលបានរៀបចំការសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញមុនគេក្នុងតំបន់អាស៊ាន។ ការបោះឆ្នោតក្នុងបរិបទនៃជំងឺកូវីដ-១៩ បានធ្វើឱ្យ គ.ជ.ប ឥណ្ឌូនេស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានការការពារ និងទប់ស្កាត់ការរាតត្បាត តាមរយៈ ការលាងសម្អាតដៃ ការរក្សាគម្លាតសង្គម ការពាក់ម៉ាស ការរៀបចំបន្ទប់សម្ងាត់ពិសេស សម្រាប់អ្នកបោះឆ្នោតដែលមានសីតុណ្ហភាព ៣៧.៣oC និងការបន្តក់ទឹកខ្មៅលុបមិនជ្រះលើម្រាមកូនដៃ ជាដើម។ 

ឯកឧត្តមបានលើកឡើងនូវតួលេខសំខាន់ៗមួយចំនួនទាក់ទងនឹងការបោះឆ្នោតនេះ មានដូចខាងក្រោម៖

  • អាសនៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវជ្រើសរើសមានចំនួន ២៧០ អាសនៈ
  • អ្នកបោះឆ្នោតមានចំនួន ១00.៣៥៩.១៥២ នាក់
  • មន្ត្រីការិយាល័យបោះឆ្នោតមានចំនួន ២.០៩២.៥៦៦ នាក់
  • បេក្ខជនឈរឈ្មោះមានចំនួន ៧៣៩ នាក់
  • ការិយាល័យបោះឆ្នោតមានចំនួន ២៩៨.៩៣៨ ការិយាល័យ

សូមជម្រាបជូនថា នេះ គឺជាលើកទី២ ហើយ ដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហានៃប្រទេសឥណ្ឌា។ កម្មវិធីសង្កេតការណ៍អន្តរជាតិតាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជាសមាជិកសមាគមនៃស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB) និង អង្គការមូលនិធិអន្តរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ផងដែរ៕

 

ទាញយកកម្មវិធី(App) CamNEC News