គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅទូទាំងប្រទេសមានពាក្យបណ្តឹងសរុបចំនួន ១៤១ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១៣៩ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងចំនួន ២ បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំង ១៣៩ ដែលមាននៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១២០ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប។ ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹងចំនួន ១២២ បណ្តឹង។
ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៩ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង បណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង និងសុំឱ្យផ្តន្ទាទោសចំនួន ១ បណ្តឹង) ដែលទទួលបានពី ៖
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១២ បណ្តឹង
- ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង
- សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១ បណ្តឹង
សម្រាប់បណ្តឹងជំទាស់ទាំង ១៣៦ បណ្តឹង ជាបណ្តឹងសុំឱ្យលុបឈ្មោះប្រជាពលរដ្ឋដែលមិនមានលក្ខខណ្ឌលំនៅឋាន ចំនួន ១៣៥ បណ្ដឹង និងបណ្តឹងសុំឱ្យលុបអ្នកស្លាប់ម្នាក់ ចំនួន ១ បណ្ដឹង។ ដោយឡែកបណ្តឹងតវ៉ា ចំនួន ២ បណ្តឹង ជាបណ្ដឹងសុំរក្សាទុកឈ្មោះអ្នកបោះឆ្នោត។
លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានដូចខាងក្រោម៖
- សម្រេចយល់ព្រមតាមពាក្យបណ្តឹង ចំនួន ៥ បណ្តឹង ក្នុងនោះមាន៖
- បណ្តឹងជំទាស់សុំឱ្យលុបឈ្មោះ ចំនួន ៣ បណ្តឹង
- បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះ ចំនួន ២ បណ្តឹង
- សម្រេចបដិសេធពាក្យបណ្តឹង ចំនួន ១៣០ បណ្តឹង
- ធ្វើលិខិតជូនដំណឹងបដិសេធទៅដើមបណ្តឹង (ជាបទល្មើសព្រហ្មទណ្ឌមិនពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត) ចំនួន ១ បណ្តឹង
- ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង
ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប សរុបមានចំនួន ១២២ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១២០ បណ្តឹង) ដែលទទួលបានពី៖
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១០៤ បណ្តឹង
- ប្រជាពលរដ្ឋ ចំនួន ១៨ បណ្តឹង
លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម ៖
- សម្រេចបដិសេធពាក្យបណ្តឹងចំនួន ២៥ បណ្តឹង ដែលជាបណ្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ (ដើមបណ្តឹងបានប្តឹងសុំឱ្យលុបឈ្មោះអ្នកបោះឆ្នោត ចំនួន ៧៨៩)។
- កំពុងដោះស្រាយ ចំនួន ៩៧ បណ្តឹង
សូមជម្រាបជូនថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមាន ៣ ដំណាក់កាលរួមមាន ៖
- ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បានដោះស្រាយចប់រួចរាល់។
- ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃ យ៉ាងយូរ ។
- ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ១០ថ្ងៃ យ៉ាងយូរ ។
តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៕