សេចក្តីប្រកាសព័ត៌មាន លេខ ០៨៤ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល

នៅថ្ងៃនេះទី២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលិខិតពីក្រុមប្រឹក្សាធម្មនុញ្ញដោយជូនដំណឹងថា បណ្តឹងចំនួន ៩៥ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសុំលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតដំបូង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរនៅថ្ងៃដដែលនេះ ដោយតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាង គ.ជ.ប ១រូប ដែលបានចូលរួមឆ្លើយបំភ្លឺ ក្នុងសវនាការនៃក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថាការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូលនេះមានន័យថារាល់សេចក្តីសម្រេចរបស់ គ.ជ.ប ទាក់ទងនឹងបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង គឺជាសេចក្តីសម្រេចត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

ទន្ទឹមនឹងនេះ ក្រុមការងារ គ.ជ.ប ដឹកនាំដោយឯកឧត្តម ហ៉ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានចូលរួមបំភ្លឺនៅគ្រប់ដំណាក់កាលនៃការកោះហៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នាំឱ្យ គ.ជ.ប មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វផ្សាយជាផ្លូវការ។

បញ្ជីបោះឆ្នោតផ្លូវការនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ហើយ គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធចូលរួមជាសាក្សី នៃការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការនេះ៕

 

ទាញយកកម្មវិធី(App) CamNEC News