សេចក្តីជូនដំណឹង លេខ ០៨៣ ៖ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖

  • តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
  • តំណាងព្រឹទ្ធសភា
  • តំណាងរដ្ឋសភា
  • ក្រសួងពាក់ព័ន្ធនានា
  • តំណាងគណបក្សនយោបាយ
  • តំណាងអង្គការមិនមែនរដ្ឋាភិបាល
  • អ្នកសារព័ត៌មាន។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

  • មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
  • ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ឯម សូផាត សមាជិក គ.ជ.បនិងជាប្រធានដឹកនាំអង្គប្រជុំ
  • មតិយោបល់របស់ភាគីចូលរួម
  • ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីនេះ៕

 

ទាញយកកម្មវិធី(App) CamNEC News