បន្ទាប់ពីបានបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ចប់រួចរាល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ។
ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍ថា គ.ជ.ប សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ( www.nec.gov.kh/khmer/content/4742) ដូចខាងក្រោម៖
- ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨,៦១១ នាក់ ស្មើនឹង ៨៩.៤២%
- ឈ្មោះដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៥៤,៧៨៥ នាក់
- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានចំនួន ៨,៨៣១,៩៧១ នាក់ ស្មើនឹង ៨៥.០៦% ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង
- ការិយាល័យបោះឆ្នោត មានចំនួន ២៣,៤២៥ ការិយាល័យ
ឯកឧត្តម ឯម សូផាត បានបន្ថែមថាលំដាប់អាយុ ភេទ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានដូចខាងក្រោម៖
- អ្នកបោះឆ្នោតជាស្រ្តី មានចំនួន ៤,៧១២,៧៣២ នាក់
- អ្នកបោះឆ្នោតអាយុ ១៨ ឆ្នាំ មានចំនួន ៣៩,៤២៦ នាក់
- អ្នកបោះឆ្នោតអាយុ ១៩ ឆ្នាំ មានចំនួន ៦១,៩៥០ នាក់
- អ្នកបោះឆ្នោតដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ មានចំនួន ២,៥៣៣,៦២៣ នាក់
- អ្នកបោះឆ្នោតដែលមានអាយុចាប់ពី ៣១ ឆ្នាំ ដល់ ៤៥ ឆ្នាំ មានចំនួន ៣,២៦០,៦៤០ នាក់
- អ្នកបោះឆ្នោតដែលមានអាយុចាប់ពី ៤៦ ឆ្នាំ ដល់ ៦៥ ឆ្នាំ មានចំនួន ២,៣២៨,៣៦០ នាក់
- អ្នកបោះឆ្នោតដែលមានអាយុចាប់ពី ៦៦ ឆ្នាំឡើង មានចំនួន ៧០៩,៣៤៨ នាក់
នៅក្នុងឱកាសនេះដែរមានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួមនៅថ្ងៃនេះ បានទទួលស្គាល់ និងអបអរសាទរជាមួយនឹងលទ្ធផលនៃបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានលើកឡើងថា មានគណបក្សនយោបាយមួយ បានប្រកាសថាមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ គឺបានរៀបចំឡើងស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីយ៉ាងត្រឹមត្រូវ។ ការមិនទទួលស្គាល់បញ្ជីបោះឆ្នោតផ្លូវការនេះ គឺជាសិទ្ធិរបស់បុគ្គល ឬក្រុមណាមួយ ប៉ុន្តែបញ្ជីនេះនៅតែមានសុពលភាពប្រើប្រាស់តាមផ្លូវច្បាប់។
ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ អាចនឹងធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ។
សូមជម្រាបជូនថា នៅថ្ងៃនេះ គ.ជ.ប បានផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ជាសាធារណៈនៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh ឬក៏ចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ (App) Voterlist KH ។ បញ្ជីបោះឆ្នោតផ្លូវការនេះ ក៏ត្រូវបានបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ ទាំង ១,៦៤៦ ទូទាំងប្រទេសផងដែរ។
គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពី គណបក្សនយោបាយមានសិទ្ធិស្នើសុំជាវបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ច្បាប់ថតចម្លង ឬ/និងបញ្ជីបោះឆ្នោតផ្លូវការតាមទម្រង់ PDF File បានដោយបង់ថ្លៃតាមតម្លៃផលិត។
ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះ រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១២ អង្គការ គណបក្សនយោបាយ ចំនួន ១៣ គណបក្ស និងតំណាងអង្គភាពសារព័ត៌មានចំនួន ១១ អង្គភាព សរុបអ្នកចូលរួមមានចំនួន ៥៩នាក់។
ខ្លឹមសារផ្សព្វផ្សាយរបស់ឯកឧត្ដម ឯម សូផាត សមាជិក គ.ជ.ប មានផ្សព្វផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/4744៕