សេចក្តីប្រកាសព័ត៌មាន លេខ ០០១ ៖ គ.ជ.ប បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងប្រព័ន្ធគ្រប់គ្រងលទ្ធផលបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) ជូនដល់មន្ត្រីនៃទីស្តីការ គ.ជ.ប និងមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងជាអធិបតីនៃការបិទវគ្គបណ្តុះបណ្តាលបានមានប្រសាសន៍ថា ការងារធ្វើទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ គឺមិនមែនជាការងារសាមញ្ញ និងងាយស្រួលនោះទេ ហេតុនេះហើយទើប គ.ជ.ប ត្រូវរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីត្រៀមធនធានមនុស្ស បច្ចេកទេស និងសម្ភារ។ ការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប បានចាប់ផ្តើមធ្វើដំបូងនៅឆ្នាំ២០១៦ គឺការប្តូរពីការចុះឈ្មោះបោះឆ្នោតដោយដៃ មកជាការរៀបចំបញ្ជីបោះឆ្នោតដោយកុំព្យូទ័រ ហើយលទ្ធផលដែលទទួលបានគឺល្អប្រសើរ។ ការងារនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅក្នុងការរៀបចំបញ្ជីបោះឆ្នោតដោយប្រើកុំព្យូទ័រ។ ឯកឧត្តមបានបន្តថា នៅដំណាក់កាលទី២នេះ គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (ICT) ដើម្បីធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ដូចជា៖

  • ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)
  • ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម៖
  • កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
  • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
  • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
  • កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ឯកឧត្តមបញ្ជាក់ថានៅឆ្នាំ២០២១នេះ គ.ជ.ប នឹងគ្រោងរៀបចំការបោះឆ្នោតសាកល្បង ដើម្បីប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (ICT) ឱ្យកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប ដោយប្រើរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមប្រមាណជាង ១០០ នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore