ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការ គ.ជ.ប បានមានប្រសាសន៍ថា បទពិសោធន៍របស់ គ.ជ.ប បានបង្ហាញឱ្យឃើញពីការពង្រឹងកិច្ចសហការល្អរវាង គ.ជ.ប និងភាគីពាក់ព័ន្ធ ដែលជាកត្តាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការរីកចម្រើន ព្រមទាំងការអភិវឌ្ឍ។
ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធអំពីការពិតជាក់ស្តែងដែលកើតមានក្នុងដំណើរការបោះឆ្នោត និងរបៀបនៃការគិតដើម្បីចៀសវាងឱ្យបានដាច់ខាតនូវការប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់ ដែលនាំឱ្យមានការបែកបាក់ជាតិ ការស្អប់ខ្ពើម និងការបំផ្លាញជាតិសាសន៍ខ្លួនឯងនៅក្នុងសង្គមខ្មែរទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតរៀងទៅ។
ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប ក៏តែងតែបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការងារអប់រំអ្នកបោះឆ្នោត ពិសេសចំពោះយុវជនខ្មែរទូទាំងប្រទេស ឱ្យចេះគិតពិចារណាប្រកបដោយហេតុផលច្បាស់លាស់ អំពីសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោត សំដៅកសាងនូវអនាគតល្អ ដើម្បីសម្រេចជោគជ័យក្នុងគោលដៅរួម ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប តែងតែបង្ហាញអំពីការបើកទឹកចិត្តយ៉ាងទូលំទូលាយបង្ហាញពីឆន្ទៈពិតប្រាកដ សម្រាប់អនាគតប្រទេសជាតិ ហើយការលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក៏គ្មានពណ៌សម្បុរនយោបាយក្នុងនោះដែរ គឺសុទ្ធតែគំនិត និងមេរៀន ដើម្បីបំភ្លឺសាធារណមតិ ពិសេសសម្រាប់គ្រប់ភាគីពាក់ព័ន្ធប្រកាន់យក សំដៅកសាងប្រទេសឱ្យបានចៀសចាកផុតពីការស្អប់ខ្ពើមជាតិសាសន៍ឯង ដោយយកគ្នាជាសត្រូវស្លាប់រស់ ដែលខ្មែរធ្លាប់ភ្លក់រសជាតិរាប់ទសវត្សរ៍រួចមកហើយ។
គ្មានភាគីណាមួយដែលអាចធ្វើឱ្យ គ.ជ.ប បោះបង់អំពើល្អ និងយុត្តិធម៌បំផុតចំពោះម្ចាស់ឆ្នោតបានទេ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ៕